ព័ត៌មានជាតិ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្តើម ដោយបរិយាកាសល្អប្រសើរ!

ភ្នំពេញៈ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្តិ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំ២០១៧នេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារតែ មណ្ឌលប្រលងទូទាំងប្រទេស មិនមានការរំខានពីភ្លៀង ដូចឆ្នាំកន្លងទៅនោះទេ។

ឯកឧត្តមបន្ថែមថា ជាងនេះទៅទៀត ក្នុងឆ្នាំនេះ មានការកើនឡើងនូវចំនួន សិស្សានុសិស្សចូលរួមប្រឡង ខណៈដែលមណ្ឌលប្រឡងក៏មានកើនឡើងផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំនេះមានយុវជនស្ម័គ្រចិត្តចូលរួមជាអ្នកសង្កេតការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ច្រើនជាងឆ្នាំមុន ដែលនេះជាការបង្ហាញថា អ្វីដែល សសយក បានធ្វើកន្លងមក និងបាននឹងកំពុងធ្វើនេះជារឿងល្អប្រសើរចំពោះសង្គមជាតិ។

ឯកឧត្តមគូសបញ្ជាក់ផងដែរថា ក្រៅពីមានយុវជនសង្កេតការ ការប្រឡង ក៏មានយុវជនស្ម័គ្រចិត្តទទួលថែរក្សា យានជំនិះរបស់បេក្ខជនប្រឡងផងដែរ នៅឆ្នាំនេះ។

បើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង សម័យប្រលងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ដល់២២ ខែសីហា ឆ្នាំ២០១៧ មានបេក្ខជនសរុបចំនួន១០១,៤១០នាក់ (ស្រី៥០,០៤៩ នាក់) ដោយចែកចេញជា១៧៨ មណ្ឌលសំណេរ ត្រូវជា៤,០៩៣ បន្ទប់ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

សូមជម្រាបជូនថា មុខវិជ្ជាដំបូង ដែលត្រូវប្រឡងនៅព្រឹកនេះគឺ មុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត និងមុខវិជ្ជាផែនដី សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។

ក្រោមពាក្យស្លោក “អ្នកចេះគឺជាប់” សំណៅឯកសារ (ប្រ៊ុយយ៉ុង) ទូរសព្ទដៃ និងសម្ភារៈមិនបម្រើឲ្យការប្រឡង ត្រូវបានក្រសួង អប់រំ យុវជន និងកីឡា មិនអនុញ្ញាតឲ្យយកចូលក្នុងយកចូលមណ្ឌលប្រឡងនោះទេ។

សូមបញ្ជក់ផងដែរថា ការប្រកាសលទ្ធផលប្រឡងនេះនឹងធ្វើនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕

មតិយោបល់