បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ។ សពក្មេងប្រុសត្រូវបានរក ឃើញនៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ រ៉ុប កុមីន ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ រី រាប់ អាយុ៣៨ឆ្នាំ (ចំណាកស្រុកទៅប្រទេសថៃ) និងម្ដាយឈ្មោះ ខុន ត្រប់ អាយុ៤០ឆ្នាំ រស់នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ បើតាមការរៀបរាប់របស់ឈ្មោះ មុំ រ៉ុប អាយុ៥៨ឆ្នាំ រស់នៅភូមិជាមួយគ្នា ត្រូវជាជីតា ប្រាប់ថា ដោយបាត់ចៅប្រុសយូរពេកគាត់ក៏បានដើររក តែរកមិនឃើញហើយក៏ដើរទៅមើល នៅស្រះខាងកើតភូមិចំងាយ ប្រហែល១៥០ម៉ែត្រ ស្រាប់តែឃើញចៅប្រុសរបស់គាត់លង់ទឹកស្លាប់ ឡើងអណ្តែតបាត់ទៅហើយ មិនដឹងតាំងពីពេលណានោះឡើយ ដោយគ្មានអ្នកណាដឹង ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មាការត្រួតពិនិត្យ បើការសន្និដ្ឋានរបស់គ្រូពេទ្យក្មេងប្រុសឈ្មោះ រ៉ុប កុមីន គឺស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់