ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ លួចរថយន្តឪពុកបើកដឹកមិត្តភក្ដិដើរលេងផឹកស៊ីស្រវឹង ជ្រុលបុកកម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ស្លាប់ ២នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ: កាលវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងកម្មករប្រមូលសម្រាម ស្ថិតត្រង់ចំណុចមុខផ្សារពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-4634 បើកបរដោយឈ្មោះ ណេត ណេហ្សា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្រ្កង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ ៣នាក់៖
១/ឈ្មោះ ប៉ែន ចាន់ អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់)។
២/ឈ្មោះ សាន់ ឆៃ ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង (ស្លាប់)។
៣/ឈ្មោះ ឌួង គង់ អាយុ ៤០ឆ្នាំជាង មានស្រុកកំណើតនៅខេត្តព្រៃវែង (រងរបួសធ្ងន់)។
អ្នកទាំងបីស្នាក់នៅបន្ទប់ជួលនៅបឹងតាម៉ាត និងមានមុខរបរជាអ្នកប្រមូលសំរាមឲ្យក្រុមហ៊ុន MIZUDA ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទាំងបីនាក់ កំពុងប្រមូលសម្រាមដាក់ចូលក្នុងរថយន្ត ក៏ស្រាប់តែមានយុវជនខាងលើ បានលួចយករថយន្តរបស់ឪពុក ដឹកមិត្តភក្ដិដើរលេង និងបើកបរក្នុងស្ថានភាពស្រវឹង មកបុកជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់តែម្ដង ហើយក្រោយកើតហេតុ មិត្តភក្ដិបាននាំគ្នាបើកទ្វាររថយន្តចេញអស់ នៅសល់តែអ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សាកសួរនាំ ដើម្បីចាត់ការតាមនីតិវិធី ចំពោះសព ត្រូវបានប្រគល់សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់