ព័ត៌មានជាតិ

រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឲ្យ​មនុស្ស​ ៧​នាក់ ​រង​របួសធ្ងន់​ស្រាល​ នៅ​ស្រុក​មោង​ឬ​ស្សី​

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០១​និង​១៥​នាទី​ព្រឹក​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ២២៣-២២៤​ ត្រង់​ចំណុច​ក្រុម​ទី​១១​ ភូមិ​ថ្នល់​បត់​ ឃុំ​ឫស្សី​ក្រាំង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ រវាង​រថយន្ត​ធុន​ដឹក​ទំនិញ​ធំ​ ១​គ្រឿង​ បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ បណ្តាល​អោយ​មនុស្ស​ចំនួន​ ០៧​នាក់​ រង​របួសធ្ងន់​-​ស្រាល​ ។​

​លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ អធិការ​នគរបាល​ស្រុក​មោងឫស្សី​ បាន​រាយការណ៍​អោយ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ ០១​គ្រឿង​ ម៉ាក​FUSO​ ធុន​ដឹក​ទំនិញ​ធំ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-9924​ អ្នកបើកបរ​មិនដឹង​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​)​ បើកបរ​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ ។​

​លោក​អធិការ​បន្ត​ថា​ ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​ ០១​គ្រឿង​ ម៉ាក​គូ​បូ​តា​ កម្លាំង​១៤​សេស​ មាន​សណ្ដោង​រ៉ឺ​ម៉ក​ជិះ​មាន​គ្នា​ចំនួន​ ០៧​នាក់​ អ្នក​ទាំង​៦​រស់នៅ​ភូមិ​ទួល​រកា​ ឃុំ​ឫស្សី​ក្រាំង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។​ សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ថា​ រថយន្ត​ធុន​ធំ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ និង​គោ​យន្ត​កន្ត្រៃ​បាន​បុក​ពេញទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​និង​គោ​យន្ដ​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក​ធ្លាក់​ពីលើ​ផ្លូវ​ទៅ​ខាងស្តាំ​ដៃ​ចូល​ប្រឡាយ​ទើប​បណ្តាល​អោយ​មនុស្ស​រង​របួស​ទាំង​៧​នាក់​។​

​ករណី​នេះ​ កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ និង​វាស់វែង​នាំ​យក​មធ្យោបាយ​បង្ក​ទាំង​ពីរ​យក​មក​រក្សា​ទុក​នៅ​ស្រុក​អធិការដ្ឋាន​នគរបាលស្រុក រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​ ៕

មតិយោបល់