ភ្នំពេញៈ ក្រុមលួចទាក់ឆ្កែ ២នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបង្ក្រាបបាននៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។
បន្ទាប់ពីទទួលបានខំមិន និងការផ្តល់ព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋថា មានករណីលួចទាក់ឆ្កែ កម្លាំងតាមបណ្តាខណ្ឌ ប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ ពួនស្ទាក់ ឈានដល់ការបង្ក្រាបបានក្រុមទាក់ឆ្កែបានចំនួន ២នាក់ នៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលកំពុងធ្វើសកម្មភាពទាក់ឆ្កែនៅចំណុចខាងក្រោយសាលាបឋមសិក្សាហ៊ុន នាង ខាងត្បូងផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនសង្ស័យទី១ ឈ្មោះ តាំង វិត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ទាក់ឆ្កែ ស្នាក់នៅភូមិ៥ (គល់ស្ពាន) សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងជនសង្ស័យទី២ ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ទាក់ឆ្កែ ស្នាក់នៅមិនពិតប្រាកដ ។
សម្ភារៈដកហូត ម៉ូតូ ១គ្រឿង ម៉ាក ស្មាស់ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AA-6849 និងសត្វឆ្កែ ១ក្បាល ពណ៌ខ្មៅ ជាវត្ថុតាង ។
បច្ចុប្បន្នជនសង្ស័យខាងលើ បាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋានខណ្ឌចំការមន និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់