(ប្រេតូរីយ៉ា)៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសពីផែនការដាក់ពង្រាយកងទ័ព ២៥,០០០នាក់ ដើម្បីទប់ស្កាត់ភាពចលាចល, ការប្លន់ហាងទំនិញ និងអំពើហិង្សា នៅក្នុងបាតុកម្មតវ៉ាដែលកំពុងរីករាលដាលកាន់តែខ្លាំង។
បាតុកម្មតវ៉ា និងអំពើហិង្សាបានផ្ទុះឡើងតាំងពីសប្ដាហ៍មុនម្លេះ ក្រោយអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Jacob Zuma បានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យប៉ូលិស ដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១៥ខែ ពីបទមិនស្ដាប់បង្គាប់តុលាការជុំវិញការស៊ើបអង្កេតពីបទពុករលួយ។
ក្រុមបាតុករគាំទ្រលោក Zuma បានខឹងសម្បារ យ៉ាងខ្លាំងចំពោះបញ្ជូនរូបលោកទៅពន្ធនាគារ ហើយចាប់ផ្ដើមបិទផ្លូវ និងធ្វើបាតុកម្មតវ៉ាទាមទារឱ្យដោះលែងលោក Zuma។ នៅក្នុងភាពចលាចលនេះ មនុស្សមួយចំនួន បានឆ្លៀតឱកាសចូលប្លន់ និងលួចនៅតាមហាងទំនិញជាច្រើន។
សកម្មភាពប្លន់ និងលួចច្រើនជាង២០០លើកបានកើតឡើងគិតត្រឹមថ្ងៃពុធកន្លងទៅនេះ ខណៈរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងក៏បានដាក់ពង្រាយកងទ័ព ៥០០០នាក់ហើយ ដែរ។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិ លោកស្រី Nosiviwe Mapisa-Nqakula បានអះអាងថាលោកស្រីបានស្នើសុំការដាក់ពង្រាយកងទ័ព ២៥,០០០នាក់ទៅកាន់ខេតចំនួនពីរ ដែលកំពុងប្រឈមមុខនឹងភាពចលាចលធ្ងន់ធ្ងរ នោះគឺខេត្ត KwaZulu-Natal និងខេត្ត Gauteng។
បើតាមប៉ូលិសអាហ្វ្រិកខាងត្បូង មនុស្សយ៉ាងហោច១១៧នាក់បានស្លាប់ និងជាង ៣,០០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងបាតុកម្មតវ៉ាដែលបានផ្ទុះឡើងកាលពីសប្ដាហ៍មុន មក បន្ទាប់ពីអតីតប្រធានាធិបតី លោក Jacob Zuma ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៕
ប្រភព៖ Reuters
មតិយោបល់