ព័ត៌មានជាតិ

ចោរអស់ល័ក្ខណ៍ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវម្ចាស់ឃើញទាន់ មានអីជាប់ខ្នោះរបស់សមត្ថកិច្ច

កណ្តាល: នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨ និង ២០ នាទី មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចយកម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន នៅចំណុចភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ យ៉េន ឌីណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ឃុត វ៉ាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅការដ្ឋានសំណង់ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

វត្ថុតាងបាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ2019 ពាក់ផ្លាកលេខភ្នំពេញ 1HQ-5202 លេខម៉ាស៊ីន ND125ME.5526207 លេខតួ.ND125.M.5526207 ។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាC125 ពណ៌ខ្មៅ ផលិតឆ្នាំ2019
ពាក់ផ្លាកលេខភ្នំពេញ 1HQ-5202 លេខម៉ាស៊ីន ND125ME.5526207 លេខតួ.ND125.M.5526207 ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាC125 ពណ៌ខ្មៅ ផលិតឆ្នាំ2019
ពាក់ផ្លាកលេខភ្នំពេញ 1HQ-5202 លេខម៉ាស៊ីន ND125ME.5526207 លេខតួ.ND125.M.5526207 មកទុកនៅមុខផ្ទះរបស់ខ្លួន នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល រួចបានដើរចូលទៅផ្ទះបាយខាងក្រោយ បន្ទាប់មកប្រពន្ធរបស់ជនរងគ្រោះ បានដើរចេញពីផ្ទះ ដើម្បីយកម៉ូតូជិះទៅកន្លែងលក់ដូរ ពេលនោះស្រាប់តែឃើញជនសង្ស័យ កំពុងតែបណ្ដើរម៉ូតូរបស់ខ្នួនចេញ ក៏ស្រែកប្រាប់ជនរងគ្រោះថា ចោរលួចម៉ូតូហើយ ទើបបាននាំគ្នាយកម៉ូតូមួយគ្រឿងទៀត ជិះដេញតាមពីក្រោយ និងស្រែកថាចោរៗ ហើយក៏ជួបសមត្ថកិច្ច និងកម្លាំងប្រជាការពារកំពុងល្បាតតាមផ្លូវ ក៏ជួយដេញស្ទាក់ឃាត់ខ្លួន ជនជនសង្ស័យ និងវត្ថុតាងបាននៅចំណុចភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាព យកកូនសោម៉ូតូរបស់ខ្លួន ទៅចាក់ម៉ូតូរបស់ជនរងគ្រោះ ពេលចាក់សោម៉ូតូត្រូវហើយ ខ្លួនក៏បណ្ដើរម៉ូតូនោះចេញមកក្រៅ ស្រាប់តែជនរងគ្រោះចេញមកទាន់ក៏ស្រែកថាចោរៗ ពេលនោះខ្លួនក៏ព្យាយាមជិះម៉ូតូ ដើម្បីគេចខ្លួន តែត្រូវសមត្ថកិច្ច និងជនរងគ្រោះតាមទាន់ ហើយឃាត់ខ្លួនបានតែម្ដង ។

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់