ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១០និង០០នាទី ។ ចំណែកជនរងគ្រោះឈ្មោះ តាំង មុយឆុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ម៉ីន កាហ៊ី្វ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ៥៥៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
មុនពេលកើតហេតុជនសង្ស័យបានប្រើ Account Facebook ឈ្មោះ KoKo Real ឆាតទៅ Account Facebook ឈ្មោះ ប្រុស ស្វិត ដើម្បីទិញទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Samsung Note-១០ Plus ពណ៌ស តម្លៃ ៥១០ដុល្លារ រួចជនសង្ស័យបានទូរស័ព្ទ ទាក់ទងទៅជនរងគ្រោះ ដើម្បីយកទូរស័ព្ទមកឲ្យនៅចំណុចកើតហេតុ ។ ពេលជនរងគ្រោះមកដល់ ជនសង្ស័យក៏លួចយកទូរស័ព្ទ ពីជនរងគ្រោះ ឲ្យទៅបក្ខពួកម្នាក់ទៀតឈ្មោះ អ៊ីម នាំគ្នារត់គេចខ្លួន ។
លុះដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១២និង០០នាទី ជនសង្ស័យយកទូរស័ព្ទដៃទៅរកលក់ឲ្យគេនៅម្តុំភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួម និងវត្ថុតាងទូរស័ព្ទ (ជារបស់ជនរងគ្រោះ) និងត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន០២កញ្ចប់ថង់តូច ក្នុងហោប៉ៅខោជនសង្ស័យ ។
សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ចំនួនមួយគ្រឿងម៉ាក Samsung Note-១០ Plus ពណ៌ស ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់