ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ជិះរថយន្តស្លាកលេខខេមរភូមិន្ទ លួចគោពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០ នាទីរសៀល សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ ហែល ហ៊ុយ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្ដឹងរាយការណ៍ថា ឈ្មោះ ងឹន សុខ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានលួចទាក់គោញីរបស់ខ្លួន០១ ក្បាលយកទៅលក់ ។

ក្រោយពីបានទទួលបណ្ដឹង និងកំណត់បណ្ដឹងរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ជុំវិញរឿងហេតុខាងលើ បានឲ្យដឹងថា សត្វគោញី០១ក្បាល ដែលឈ្មោះ ងឹន សុខ បានទាក់យកទៅលក់ឱ្យឈ្មោះ ប៉ោង ហ៊ាប ភេទប្រុស អាយុ៤២ ឆ្នាំ មានទីលំនៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយពេលវេលាយប់ មិនអាចបន្តនីតិវិធីបាន សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សត្វគោ០១ក្បាលនោះទុកឲ្យឈ្មោះ ប៉ោង ហ៊ាប (មុខរបរជាអ្នកកាប់គោលក់សាច់) ឲ្យមើលថែរក្សាជាបណ្ដោះអាសន្នសិន ។

លុះព្រឹកឡើងថ្ងៃទី២២ ខែឆ្នាំដដែល សមត្ថកិច្ចជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានអញ្ជើញអ្នកដែលពាក់ព័ន្ធ ក្នុងករណីខាងលើ មកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរបន្ថែម ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទាក់សត្វគោញី របសជនរងគ្រោះ០១ក្បាលទៅលក់ឲ្យឈ្មោះ ប៉ោង ហ៊ាប ក្នុងតម្លៃ ២,៥០០,០០០៛ ពីរលានប្រាំសែនពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់