ព័ត៌មានជាតិ

ជនជាតិចិនម្នាក់សង្ស័យស្រវឹង បើករថយន្តទៅបុកម៉ូតូ រថយន្ត និងផ្ទះលក់អាយកូម យីហោ សាំបូរីតេឡេខម សំណាងល្អគ្មានមនុស្សស្លាប់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នេះបានចំជាសំណាងណាស់ក្នុង១,០០០គ្រោះថ្នាក់គ្មានមនុស្សស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ ព្រោះជនជាតិចិនម្នាក់សង្ស័យជាស្រវឹង បានបើករថយន្តទៅបុកម៉ូតូមួយគ្រឿងអូសរាប់រយម៉ែត្រ បន្តទៅបុករថយន្តមួយទៀត ចុងបញ្ចប់ទៅ បុកផ្ទះលក់អាយកូម ដែលមានយីហោ សាំបូរីតេឡេខមទៀត។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ វេលាម៉ោង ១និង១៥នាទីយប់រំលងអាធ្រាតឈានចូល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្តម៉ាកអូឌីពណ៌សមានពាក់ស្លាកលេខ ភ្នំពេញ 2AH 5878 បើកដោយបុរសជនជាតិចិនម្នាក់ប្រហែលជាស្រវឹងខ្លាំងទើបបើកទៅបុកម៉ូតូ០១គ្រឿងពេញទំហឹងអូសពីកែងជ្រូកខ្វៃរហូតមកដល់កែងផ្ទះសាំបូរីចំណុចផ្លូវបំបែកជាបួន បន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក nissan ពីរបាំង រួចបានរេង្កូតទៅបុកផ្ទះលក់អាយកូម ដែលមានយីហោ សាំបូរីតេឡេខម ទើបទៅមុខលែងរួច។

លោកអធិការបានបញ្ជាក់ថា៖ ការបុកបន្តគ្នាដល់ទៅ ៣លើកនេះ ពុំមានមនុស្សណាម្នាក់ស្លាប់នោះទេ ខូចខាតតែរថយន្ត ម៉ូតូ និងផ្ទះ ។
ក្រោយពីកើតហេតុហើយម៉ូតូ រថយន្តទាំង២គ្រឿង និងជនបង្កជាជនជាតិចិននោះបានយកទៅកាន់អធិការនគរបាលក្រុងប៉ោយប៉ែតចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់