ព័ត៌មានជាតិ

ត្រឡប់មកពីផឹកស្រាវិញ រករឿងជេរបញ្ចោរ និងយកអង្រែបុកគ្រឿងវាយប្រពន្ធ បណ្ដាលឲ្យបែកថ្ងាសហូរឈាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ​ចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១មានករណីហិង្សាក្នុងគ្រួសារចំណុចផ្ទះជនរងគ្រោះ ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ ០១នាក់(ត្រូវជាប្រពន្ធជនសង្ស័យ)ឈ្មោះ នៅ រស់ ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល រងរបួសចំថ្ងាសមួយកន្លែងបែកហូរឈាម។
ជនសង្ស័យ(ត្រូវជាប្ដីជនរងគ្រោះ)ឈ្មោះ​ អៀត អុន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។(ឃាត់ខ្លួន)

វត្ថុតាងចាប់យក៖
១.អង្រែបុកគ្រឿងធ្វើអំពីឈើ ប្រវែង៤.៣សង់ទីម៉ែត្រ ទំហំ១៩សង់ទីម៉ែត្រ ចំនួន០១។

 កន្លងមកជនសង្ស័យធ្លាប់ប្រើអំពើហិង្សាវាយទៅលើប្រពន្ធនិងកូនជាញឹកញាប់។ លុះនៅថ្ងៃទី២៥.០៧.២០២១វេលាម៉ោង០៦.០០នាទីព្រឹក ជនសង្ស័យបានផឹកស្រាបៀរ នៅផ្ទះរបស់ឈ្មោះទីន ជាមួយប្អូនឈ្មោះអន និងឈ្មោះយឿន រហូតដល់វេលាម៉ោង១៨.៣០នាទី ទើបឈប់ផឹកស្រា ហើយបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ពេលជនសង្ស័យទៅដល់ផ្ទះ ក៏បានរករឿងជេរបញ្ចោរប្រពន្ធកូន ពេលនោះជនរងគ្រោះដែលត្រូវជាប្រពន្ធតបទៅវិញ ស្រាប់តែភ្លាមនោះជនសង្ស័យបានស្ទុះទៅយកអង្រែបុកគ្រឿងវាយទៅលើជនរងគ្រោះចំនួនមួយអង្រែ ចំថ្ងាសបណ្ដាលឲ្យបែកហូរឈាមដួលទៅលើដី ក្នុងពេលនោះកូនក៏បានស្រែកហៅអ្នកជិតខាងឲ្យមកជួយ  បន្ទាប់មកអ្នកជិតខាងក៏បានមកជួយហើយយកជនរងគ្រោះទៅព្យាបាលរបួសនៅពេទ្យឯកជនស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបូរមាស។ លុះដល់វេលាម៉ោង២០.០០នាទី បងប្អូនជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទទួលបានព័ត៌មាន ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកអង្រែបុកគ្រឿងវាយទៅលើជនរងគ្រោះដែលត្រូវជាប្រពន្ធ ចំនួន០១អង្រែត្រូវចំថ្ងាស បណ្ដាលឱ្យបែកហូរឈាមពិតមែន។ ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

 ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់