ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីវាយជនរងគ្រោះ បណ្តាលឲ្យបាក់ឆ្អឹងលើគុម្ពត្រចៀកខាងឆ្វេង

បាត់ដំបង: នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង០៨និង០០នាទីព្រឹក អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់លោក វរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ នៅចំណុចវាលស្រែភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការន គរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ស៊ន សៅរី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ ក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧ និង២០នាទី ចំណុចក្រុមទី៧ ភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះ បង្កដោយជនសង្ស័យឈ្មោះ ស៊ន សៅរី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី បានធ្វើសកម្មភាព វាយនិងទាត់ទៅលើជនរងគ្រោះឈ្មោះ តក សុខណា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី បណ្តាលឱ្យរងរបួសបាក់ឆ្អឹងលើគុម្ពត្រចៀកខាងឆ្វេង ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ។

នៅក្រោយពេលធ្វើសកម្មភាពរួចជនសង័្សយ បានជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ។ នៅក្រោយពេលទទួលពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតរកឃើញ និងឃាត់ខ្លួនជនសង័្សយបានតែម្តង ។ ពេលនេះសមត្ថកិច្ចនគរបាលស្រុក បានរៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕

មតិយោបល់