ភ្នំពេញៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីព្រឹក ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កម្មករធ្វើប្រហិតពីរនាក់ បានទាស់ពាក្យសម្តីគ្នា ប្រើកាំបិតចិតបន្លែចាក់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ត្រង់ចំណុចសិប្បកម្មធ្វើប្រហិត ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស្រ៊ឺ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើប្រហិត ស្នាក់នៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើប្រហិត ស្នាក់នៅក្នុងសិប្បកម្ម ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យអវិជ្ជមានកូវីដ១៩) ។
វត្ថុតាងចាប់យក៖ កាំបិតចិតបន្លែ (ទំហំ០៣ធ្នាប់ដៃ) ប្រវែង៣០សង់ទីម៉ែត្រចំនួន០១ ។
ដំណើររឿងហេតុ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះឈ្មោះ ស្រ៊ឺ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ កំពុងធ្វើការនៅក្នុងសិប្បកម្មធ្វើប្រហិត ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះ ជនសង្ស័យឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ ដែលជាកម្មករធ្វើប្រហិតដូចគ្នា បានកាន់កាំបិតចិតបន្លែ ដើរទៅសួរនាំ ជនរងគ្រោះថា ហេតុអ្វីបានយកកញ្ច្រែងជ័រវ៉ៃក្បាលប្រពន្ធខ្ញុំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី នៅក្នុងសិប្បកម្ម ហើយជនរងគ្រោះក៏បានទាស់សំដីគ្នាជាមួយជនសង្ស័យ រួចជនសង្ស័យបានច្រានទ្រូង ជនរងគ្រោះឱ្យដើរចេញ ហើយជនរងគ្រោះក៏បានយកកញ្ច្រែងដែក វ៉ៃទៅលើជនសង្ស័យត្រូវចំកំភូនដៃខាងឆ្វេង ហើមជាំ ។
បន្ទាប់មកជនសង្ស័យខឹងក៏បានយកកាំបិតចិតបន្លែ ដែលកាន់នៅដៃស្រាប់ ចាក់លើជនរងគ្រោះត្រូវចំស្មា ផ្នែកខាងក្រោយ ចំហៀងខាងឆ្វេងបោះដៃផុត មួយកាំបិតរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានកម្មករធ្វើការជាមួយគ្នា នាំជនរងគ្រោះយកទៅព្យាបាល នៅក្លីនិចឯកជនឈ្មោះ អង្គរជ័យ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេរចំនួន០៤ថ្នេរ ។
ហើយសមត្ថកិច្ចក៏បានចុះទៅជួយធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាល រដ្ឋបាលពងទឹក តាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះសមត្ថកិច្ច មិនអាចធ្វើការសួរនាំបានទេ ដោយសាររងរបួសធ្ងន់ធ្ងរ ហើយត្រូវបានឈ្មោះ ហាក់ សាមឌី ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់