ស្រ្តីវ័យចំណាស់ម្នាក់ ជិះកង់បត់ឆ្លងផ្លូវត្រូវម៉ូតូបុក បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាង

តាកែវ: នៅថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧និង ១០នាទី ស្ថិតលើផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ៥-៦ ក្នុងភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង ស្រ្តីវ័យចំណាស់ម្នាក់ ជិះកង់បត់ឆ្លងផ្លូវត្រូវម៉ូតូបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញកង់មួយគ្រឿង តួស្រី ពណ៌ទឹកប្រាក់ ជិះដោយឈ្មោះ លឹម សុផាត ភេទស្រី អាយុ៦២ឆ្នាំ មុខរបរកសិករ នៅភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលធ្វើដំណើរមកពីទិសខាងកើត ។ លុះពេលមកដល់ត្រង់ចំណុច ក៏បានបត់ឆ្វេងឆ្លងផ្លូវទៅត្បូង តែនៅពេលកំពុងបត់ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរមកពីក្រោយ បុកចំពីចំហៀងខាងឆ្វេងតែម្តង បានរងរបួសធ្ងន់ ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1L-2434 បើកបរដោយឈ្មោះ មាច ហៀង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ នៅភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានពាក់មួកសុវត្ថិភាព ។ ជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

មូលហេតុ៖ បណ្តាលមកពីកង់បត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះវាស់វែង យកវត្ថុតាងកង់ និងម៉ូតូខាងលើ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់