ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ០២នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ប្រកបមុខរបររើសអេតចាយ ត្រូវនគរបាលខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំងនេះ បានលួចចូលផ្ទះប្រជាពលរដ្ឋ ដែលម្ចាស់ចាក់សោបិទទ្វារទុកចោល ហើយចូលលួចកាត់ខ្សែភ្លើងបានសម្រេច ។ ខណៈនោះកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងខ្សែភ្លើង និងសម្ភារៈឧបករណ៍មួយចំនួន ដែលបំរើឱ្យសកម្មភាពប្រព្រឹត្តបទល្មើស ខុសច្បាប់ដើម្បីយកទៅអនុវត្តច្បាប់ ។
បើយោងតាមប្រភពព័ត៌មាន ពីនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង ១២និង ៤៥នាទីយប់អធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានជនសង្ស័យចំនួន០២នាក់ មាន ១-ឈ្មោះ សម្បត្តិ រស្មី ភេទប្រុស អាយុ២០ឆ្នាំ ប្រកបមុខរបររើសអេតចាយ គ្មានទីលំនៅពិតប្រាកដ និង២-ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ ប្រកបមុខរបរ រើសអេតចាយ គ្មានទីលំនៅពិតប្រាកដ បានដើររើសអេតចាយជាធម្មតា លុះបន្ទាប់មកពួកគេបានជួបគ្នានៅចំណុចរង្វង់មូលតាព្រហ្ម ជ្រោយចង្វាហើយ ក៏បែកគំនិតបបួលគ្នាទៅផ្លោះរបងលួចចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលម្ចាស់ចាក់សោបិទទ្វារទុកចោល ស្ថិតនៅផ្ទះលេខ១៩៨GB ផ្លូវកែវចន្ថា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយពួកគេបានធ្វើសកម្មភាព កាត់ខ្សែភ្លើងបានសម្រេចមួយចំនួនធំ ។
បន្ទាប់មកពួកគេក៏ផ្លោះរបងចេញមកក្រៅវិញ ប៉ុន្តែជាសំណាងអាក្រក់នៅពេលនោះ ក៏ជួបកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាត ពង្រឹងសន្តិសុខ បានឃើញក៏ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ មកសួរនាំនៅប៉ុស្តិ៍នគរបាល រដ្ឋបាលជ្រោយចង្វា នឹងដោយបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងខ្សែភ្លើង និងឧបករណ៍សម្ភារៈមួយចំនួនបំរើសកម្មភាពខុសច្បាប់ ដើម្បីដាក់បន្ទុកសម្រាប់កម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យក៏បានឆ្លើយសារភាព ទទួលកំហុសនូវអ្វីដែលពួកគេបានប្រព្រឹត្តនោះមែន ៕
មតិយោបល់