ព័ត៌មានជាតិ

ក្មេងទំនើងម្នាក់ ក្នុងចំណោម០៥នាក់ យកដុំថ្មគប់កញ្ចក់ឡានរបស់ក្រុមហ៊ុន ភ្នំពេញ សូរិយា បណ្តាលឲ្យខូចខាត(បែក) ត្រូវនគរបាលឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកគេចំនួន ០៥នាក់ ដែលធ្វើសកម្មភាពគប់កញ្ចក់ឡានក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា បណ្តាលឲ្យបែកខូចខាត ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលក្រុងសិរីសោ​ភ័ណ ស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ក្មេងទំនើងម្នាក់ឈ្មោះ ម៉ៅ លៀបហេង ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិសោ​ភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ ក្រោយពីទទួលបណ្តឹងរបស់ឈ្មោះ ស៊ីន ថៃវ៉ាន់ថា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិបឹងសាឡាង ឃុំទួលគោក ក្រុងភ្នំពេញ បច្ចុប្បន្នអ្នកបើកបរឡានក្រុងរបស់ក្រុមហ៊ុន ភ្នំពេញសូរិយា ពី(ប៉ោយប៉ែត ទៅបាត់ដំបង) បានមកប្ដឹងរាយការណ៍ថា នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨នឹង១៥នាទី នៅចំណុចខាងលិចស្ដុបទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានករណីធ្វើអោយខូចខាតដោយចេតនា ទ្រព្យសម្បត្តិអ្នកដទៃ (គប់កញ្ចក់ឡាន)បណ្តាលឲ្យបែក ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់កម្លាំងនគរបាលជំនាញនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរ​បាល​អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវ និងដោយកន្លែងកើតហេតុមានកាម៉ារ៉ាសុវត្ថិ ភាពយើងឈានដល់ចាប់ឃាត់មុខសញ្ញាក្មេងសង្ស័យម្នាក់ដើម្បីយកមកសាក​សួរ។

លោកអធិការនគរបាលបានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ៅ លៀបហេង បានសារភាពថា៖ នៅវេលាម៉ោងប្រហែលជា០៧យប់ថ្ងៃទី០១ ខែធ្នូ គេបានជិះកង់ម្នាក់ឯងទៅលេងភូមិគាប សង្កាត់ទឹកថ្លា (ផ្លូវចុះទៅពន្ធនាគារ) ហើយបានជួបជាមួយគ្នីគ្នាគេចំនួន០៤នាក់ទៀត ក៏បបួលគ្នាដើរលេង មានឈ្មោះ នុន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគាប,២-ឈ្មោះហេង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរអំបិល,៣-ឈ្មោះញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរអំបិល, ៤-ឈ្មោះលាប ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរអំបិល ។ ក្រោយមកមានឈ្មោះនុន បានផ្តើមគំនិតបបួលគ្នាទៅគប់កញ្ចក់ឡានគេ រួចហើយឈ្មោះ នុន បានរើសយកដុំថ្មឲ្យគេទៅគប់កញ្ចក់ឡានពណ៌ក្រហម ដែលធ្វើដំណើរពីលិចទៅកើតត្រូវបែកកញ្ចក់ ក្រោយគប់ហើយពួកគេនាំគ្នារត់គេចខ្លួន។

លោកលោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់បន្ថែមថា៖ ដោយផ្អែកលើក្មេងនេះជាអនីតិជន និងដោយមានការសម្របសម្រួលពីឪពុកម្តាយ ព្រមចេញថ្លៃខូចខាតទៅឲ្យក្រុមហ៊ុន ភ្នំពេញសូរិយា នគរបាលជំនាញបាន អប់រំនិងធ្វើកិច្ចសន្យាដល់ក្មេងឈ្មោះ ម៉ៅ លៀបហេង និងប្រគល់ឲ្យឪពុកម្តាយ ធ្វើការអប់រំបន្តចំណែកបក្ខពួកគេ០៤ទៀតកម្លាំងជំនាញបន្តស្រាវជ្រាវ៕

មតិយោបល់