ព័ត៌មានជាតិ

Update៖ រថយន្តបែនដឹកដីបើករេចង្កូតជ្រុលទៅបុកម៉ូតូអូសជាង ៥០ម៉ែត្រ និងកិនបុរសរត់តុការម្នាក់ស្លាប់មួយរំពេចចោលប្រពន្ធ និងកូន ២នាក់

ភ្នំពេញ: នៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចក្បែរចក្រចូលសាលាខណ្ឌមានជ័យ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ាន់ ឌុចយ៉ារឹទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ (ស្លាប់) មុខរបររត់តុការ មានប្រពន្ធ និងកូន ២នាក់ ស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរលិច ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1V-6271។
រថយន្តបែនដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3F-7419 អ្នកបើកបររត់គេច។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូម៉ាកខាងលើចេញពីហូបអីជុំគ្នាជាមួយបងប្អូនថ្លៃ ម្ដុំវត្តដំបូលខ្ពស់ ហើយធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ដើម្បីត្រឡប់ទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្កខាងលើ បើកបរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនរេចង្កូតមកឆ្វេងដៃ ជ្រុលបុកម៉ូតូ និងកិនជនរងគ្រោះអូសជាង ៥០ម៉ែត្រស្លាប់មួយរំពេចតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់