ព័ត៌មានជាតិ

ក្រោកទៅសាមងនិងលើកទ្រូ មិនឃើញត្រឡប់មកផ្ទះវិញ បែរជាប្រទះឃើញសពអណ្តែតទឹក

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ក្រោកទៅសាមងនិងលើកទ្រូ បាត់មិនឃើញត្រឡប់មកផ្ទះវិញ បែរជាគេប្រទះឃើញសពអណ្តែតក្នុងទឹកអាងពលសេនា ស្ថិតនៅខាងលិចភូមិសហករ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល ។

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ធុយ ថាន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុនៅចន្លោះពីម៉ោង៤ទៀបភ្លឺជនរងគ្រោះ បានក្រោកទៅសាមងនិងលើកទ្រូ ដែលដាក់នៅខាងលិចអាងពលសេនា ស្ថិតនៅខាងលិចភូមិសហករ ឃុំទ្រាស ស្រុកស្វាយចេក ដោយមិនឃើញត្រឡប់មកផ្ទះវិញ ។ លុះនៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល មានគេប្រទះឃើញជនរងគ្រោះ ស្លាប់អណ្តែតទឹក ហើយបានរាយការណ៍ ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រាស និងអាជ្ញាធរ ដើម្បីចុះទៅពិនិត្យ ។

ប្រភពដដែលបានបញ្ជាក់ថា៖ ​ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ មេឃុំ មេភូមិនិងគ្រូពេទ្យ បានចុះទៅដល់កន្លែង កើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យ នៅលើដងខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វី ទាក់ទងនឹងមនុស្សឃាតឡើង តាមការសន្និដ្ឋាន សង្ស័យជនរងគ្រោះកើតខ្យល់គដួលទៅក្នុងទឹក បណ្តាលឲ្យច្រមុជទឹកស្លាប់ ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រ​ពៃណី ៕

មតិយោបល់