ព័ត៌មានជាតិ

កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការនិងអាជ្ញាធរចុះឃាត់ហាងលក់គ្រឿងស្រវឹងយីហោ គោលដៅចាស់ ដែលល្មើសវិធានការ

កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការឡោមព័ន្ធទីតាំងហាងបើកលក់គ្រឿងស្រវឹង ផឹកស៊ី យីហោ (គោលដៅចាស់) ដែលមានទីតាំងស្ថិតនៅភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំពោះហាងយីហោ (គោលដៅចាស់) ខាងលើបានលួចបើកឲ្យភ្ញៀវចូលផឹកស៊ីបំពានទៅនឹងវិធានរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំណែកអ្នកដែលពាក់ព័ន្ធល្មើសវិធានការរដ្ឋបាលនេះ មិនអនុញ្ញាតឲ្យចេញពីក្នុងហាងនោះទេ គឺឲ្យមន្រ្តីការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត យកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ម្តងម្នាក់ៗរួចទើបចាត់ការបន្តតាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ៕

 

មតិយោបល់