កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៣០នាទី មានករណីហិង្សាប្រព្រឹត្តិដោយសហព័ទ្ធ ឬ អនីតិសង្វាសជន ( ហិង្សាក្នុងគ្រួសារ) នៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស៊ុក គន្ធា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធ) ។
ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ សោម សល់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញលក់អេតចាយ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្ដី) ។
(ជនសង្ស័យ និងជនរងគ្រោះ រស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ដោយពុំមានការរៀបអាពាហ៍ពិពាហ៍ ឬសែនព្រេនអ្វីទេ) ។
នៅថ្ងៃទី ខែ ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ (ប្ដី) បានអង្គុយផឹកស្រាជាមួយមិត្តភក្ដិនៅក្បែរផ្ទះ បន្ទាប់មកជនរងគ្រោះ (ប្រពន្ធ) បានទៅតាមដល់កន្លែងផឹកស៊ី រួចក៏បានទាក់ពាក្យគ្នា ហើយប្រពន្ធក៏ត្រឡប់មកផ្ទះវិញ រួចបិទទ្វារផ្ទះ ចូលដេកបាត់ទៅ ។
ក្រោយមកជនសង្ស័យបានត្រឡប់មកពីផឹកស្រាវិញ ក៏បានស្រែកហៅប្រពន្ធឲ្យបើកទ្វារឲ្យខ្លួន តែជនរងគ្រោះមិនព្រមបើកទា្វរអោយនោះទេ ពេលនោះជនសង្ស័យក៏ធាក់ទម្លុះទ្វារចូលទៅក្នុងផ្ទះតែម្ដង ហើយអ្នកទាំងពីរក៏មានការប្រតាយប្រតប់គ្នាយ៉ាងខ្លាំង ខណៈនោះជនសង្ស័យ បានប្រើហិង្សាទៅលើជនរងគ្រោះបណ្ដាលអោយមានរបួសតែម្ដង ។
លុះស្អែកឡើងនៅថ្ងៃទី០៥ ខែឆ្នាំដដែល ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ អោយជួយអន្តរាគមន៍ ។
ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍នគរបាល ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធរបស់ខ្លួនពិតប្រាកដមែន ដោយសារពេលនោះខ្លួនខឹងខ្លាំងពេក និងស្រវឹងស្រាផង ។
បច្ចុប្បន្នជនសង្ស័យបានធ្វើការយកសំណាករកមេរោគកូវីត ១៩ លទ្ធផលៈ អវិជ្ជមាន នឹងងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់