ព័ត៌មានជាតិ

អេមីរ៉ាតអារ៉ាប់រួមបានអនុម័តទៅលើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm សម្រាប់កុមារអាយុនៅចន្លោះពី ៣ឆ្នាំទៅ ១៧ឆ្នាំ

ក្រសួងសុខាភិបាល និងបង្ការជំងឺរបស់អេមីរ៉ាតអារ៉ាប់រួមបានអនុម័តទៅលើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm របស់ប្រទេសចិនសម្រាប់កុមារអាយុនៅចន្លោះពី ៣ឆ្នាំទៅ ១៧ឆ្នាំនៅក្នុងប្រទេសអារ៉ាប់រួម (UAE)។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM របស់អារ៉ាប់រួមបាននិយាយថា សេចក្តីសម្រេចនេះធ្វើឡើងដោយផ្អែកទៅលើលទ្ធផលនៃការសិក្សាគ្លីនិក ការវាយតម្លៃដ៏តឹងរ៉ឹងដើម្បីអនុម័តទៅលើការប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ និងការវាយតម្លៃក្នុងតំបន់ដែលអនុលោមតាមបទបញ្ជាដែលបានអនុម័ត»។

នៅក្នុងការរាយការណ៍នោះបាននិយាយបន្ថែមថា «ការអនុម័តវ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់រួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបញ្ជាក់អំពីវិធីសាស្រ្តសកម្មរបស់ខ្លួនដើម្បីធានាដល់សុខភាព និងសុវត្ថិភាពរបស់សមាជិកសហគមន៍»។

វ៉ាក់សាំង Sinopharm កំពុងត្រូវបានផលិតក្នុងស្រុកនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលរហូតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបានផលិតបានជាង ១៥,៥លានដូសហើយ ដោយមានប្រជាជនជាង ៦៤ភាគរយបានទទួលការចាក់វ៉ាក់សាំងបានពីរដូស។

កាលពីក្នុងខែឧសភា អាជ្ញាធរអេមីរ៉ាតអារ៉ាប់រួមក៏បានអនុម័តនូវការចាក់វ៉ាក់សាំងដូសបង្កើនកម្រិតអង្គបដិប្រាណសម្រាប់ប្រជាជនក្នុងតំបន់ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី ២ រួច យ៉ាងតិចប្រាំមួយខែមុន ដើម្បីធានានូវភាពស៊ាំបន្តប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាវីរុស៕

មតិយោបល់