បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមជនសង្ស័យចំនួន០៤នាក់ ដែលតែងធ្វើឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក្តៅក្រហាយព្រោះតែការបាត់បង់ ទ្រព្យសម្បតិ្តរបស់ពួកគាត់ ទីបំផុតអស់លក្ខណ៍ជាប់អន្ទាក់នគរបាលនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីឈ្មោះ មេន មៀត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរ ថាមានចោរបានលូចលួចម៉ូតូកង់បីចំនួន០២គ្រឿងរបស់គាត់ ក្នុងបរិវេណផ្ទះ លោកបានចាត់តាំងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាល ចុះស្រាវជ្រាវមុខសញ្ញាដែលបានធ្វើសកម្មភាពលួចកាត់ច្រវាក់យកម៉ូតូដែលមានរូបភាពក្នុងកាម៉ារ៉ាសុវត្ថិភាព ។
ប្រភពដដែលបន្តថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មាន ៖ ១/-ឈ្មោះ ស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ, ២/-ស្នាក់ឈ្មោះម៉ៅ ឡុង ហៅអាឆ្កែ ភេទប្រុស អាយុ១៨ឆ្នាំ ,៣/-ឈ្មោះសុខ ថេត ភេទប្រុស អាយុ៣៦ឆ្នាំ, ៤/-ឈ្មោះ សុខ ធី ភេទប្រុស ។ ជនសង្ស័យទាំង០៤នាក់ ស្នាក់នៅភូមិអូរនាង សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ។
លោកអធិការបានបញ្ជាក់ថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ ឆ្លងតាមការពិនិត្យសំណាករកមេរោគកូវីដ-១៩ គឺអវិជ្ជមាន ប៉ុន្តែតែពិនិត្យរកសារធាតុញៀន គឺវិជ្ជមានទាំង០៤នាក់ ហើយក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាល បានដកហូតម៉ូតូកង់បីដែលជនសង្ស័យបានលួចយកទាំង០២គ្រឿង ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះនឹងស្នើសុំការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនម្ចាស់ដើមវិញ ៕



មតិយោបល់