ព័ត៌មានជាតិ

កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ, មីស៊ីល ក្នុងឆ្នាំ២០២១នេះ, នេះបើតាម UN

 

(ញូយ៉ក)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ខ្លួន នៅអំឡុងឆមាសទី១ ឆ្នាំ២០២១នេះ ដែលជាទង្វើំលោភបំពានលើទណ្ឌកម្មអន្តរជាតិ និងបើទោះជាសេដ្ឋកិច្ចជាតិកំពុងធ្លាក់ចុះដុនដាបក៏ដោយ។

បើតាមរបាយការណ៍ខាងលើ ទីក្រុងព្យុងយ៉ាងក៏កំពុងបន្តស្វែងរកសម្ភារ: និងបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ខ្លួនពីបរទេសផងដែរ ខណ:សេដ្ឋកិច្ចជាតិកំពុងដាំក្បាលចុះក្រោមដោយសារតែការបិទព្រំដែនទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 គួបផ្សំជាមួយទណ្ឌកម្មអន្តរជាតិ។

តែតំណាងបេសកកម្មការទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ មិនទាន់បានបញ្ចេញប្រតិកម្មអ្វីឆ្លើយតបទៅនឹងរបាយការណ៍អង្គការសហប្រជាជាតិនោះទេ។

កូរ៉េខាងជើងបានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយសារតែការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ។ ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ក្នុងនោះរួមមានការហាមឃាត់ការនាំចេញធ្យូងថ្ម និងប្រេងជាដើមដែលសុទ្ធសឹងតែជាប្រភពចំណូលដ៏ធំរបស់ទីក្រុងព្យុងយ៉ាង៕

ប្រភព៖​​​​​​​ AFP

មតិយោបល់