ភ្នំពេញៈ រថយន្តបែនដឹកដី១គ្រឿងត្រូវបានរថភ្លើងបុកចំទ្រុងខាងក្រោយ បណ្ដាលឲ្យវិល១ជុំធ្លាក់ផ្លូវនិងគាបជាប់ជាមួយទូរថភ្លើង ខណៈពេលដែលរថភ្លើងទៅជិតដល់ហើយរថយន្តនេះអត់ព្រមឈប់ហើយនៅតែព្យាយាមបើកឆ្លងកាត់ពីមុខទៀតនោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នៅភូមិភ្លើងឆេះរទះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលកើតហេតុខាងលើគេបានឃើញ មានរថភ្លើង ដឹកសុទ្ធតែទូកុងតឺន័រ បើកបរក្នុងទិសដៅពីត្បូងទៅជើង ពេលនោះស្រាប់តែរថយន្តបែនដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-4157 បើកបរក្នុងល្បឿនលឿនពីទិសខាងលិចឆ្ពោះទៅទិសខាងកើតទៅដល់ដែរ។
ប្រភពដដែលបានបន្តថា ខណៈនោះរថភ្លើងបានចុចស៊ីប្លេជាប់រហូតដើម្បីឲ្យរថយន្តឈប់ ប៉ុន្តែរថយន្តនេះអត់ព្រមឈប់សិនទេ បានបន្ថែមល្បឿនឆ្លងផ្លូវទើបត្រូវរថភ្លើងបុកចំទ្រុងក្រោយខាងស្ដាំតែម្ដង បណ្ដាលឲ្យរថយន្តវិល១ជុំធ្លាក់ផ្លូវគាបជាប់ទូរថភ្លើង ប៉ុន្តែពុំបានបណ្ដាលឲ្យក្រឡាប់នាំឲ្យអ្នកបើកបររងរបួស ឬស្លាប់នោះឡើយ តែរថភ្លើងនិងរថយន្តបានរងការខូចខាតបន្តិចបន្តួចរៀងខ្លួន។
ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ខណ្ឌកំបូល បានចុះទៅកាន់ទីនោះហើយឲ្យភាគីទាំង២ ធ្វើការដោះស្រាយដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕
មតិយោបល់