ព័ត៌មានជាតិ

ធ្លាប់ជាប់គុក១២ខែនៅព្រៃស ចេញមករួមភេទជាមួយអនីតិជន ត្រូវចាប់ដាក់បញ្ចូលវិញម្តងទៀត

កណ្តាលៈ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤ រសៀល មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអនីតិជនម្នាក់ មិនទាន់គ្រប់អាយុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានឃាត់ខ្លួន ស្ថិតត្រង់ចំណុចភូមិព្រែកល្វា ឃុំពញាឮ ស្រុក ពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ស. ន ល ស. ភេទស្រី អាយុ ១២ ឆ្នាំ ០៩ ខែ ១២ ថ្ងៃ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ឈ្មោះ ឈួន ណាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ឃុំពញាឮ ស្រុក ពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោមទេ (-). ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន រយៈពេល១២ខែ នៅព្រៃស ។

ករណីខាងលើនេះ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព រួមភេទជាមួយជនរងគ្រោះចំនួន០៣លើក ជាអនីតិជនអាយុក្រោម១៥ ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់