ព័ត៌មានជាតិ

តារាងបាល់ទះមួយកន្លែង បង្កប់ល្បែងស៊ីសងខុសច្បាប់ ត្រូវអាជ្ញាធរចុះបង្រ្កាបឃាត់ខ្លួន៣១នាក់

ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញ ចុះបង្រ្កាបទីតាំងតារាងបាល់ទះ បង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី សរុបចំនួន ៣១នាក់ ម៉ូតូ១៤គ្រឿង និងវត្ថុតាងមួយចំនួន នៅខាងក្រោយអគ្គិសនីកម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ចំណុចតារាងបាល់ទះ មួយកន្លែង ស្ថិតនៅដីឡូតិ៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមសត្ថកិច្ចឱ្យដឹងថាតទីតាំងខាងលើ មានបើកល្បែងជល់មាន់តាមអនឡាញ និងចាក់ល្បែងអាប៉ោង ក្នុងប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជាក់ស្ដែង មនុស្សសរុបចំនួន៣១នាក់ ក្នុងនោះស្រី០២នាក់, ម៉ូតូ១៤គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត ។

បច្ចុប្បន្ន មនុស្សទាំង៣១នាក់ខាងលើ ត្រូវបានកម្លាំងកំពុងធ្វើកំណត់ហេតុ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ ៕

មតិយោបល់