ព័ត៌មានជាតិ

រថយន្ដ Hiluxvigo បើកលឿនឡើងស្ពានដែកបាឡេ ខណៈភ្លៀងរលឹម រអិលបុកបង្កាន់ដៃស្ពានរងខូចខាត

ភ្នំពេញៈ រថយន្ដ hiluxvigo មួយគ្រឿង បើកលឿនឡើងស្ពានដែកបាឡេ ស្របពេលមេឃកំពុងភ្លៀងរលឹមៗ ធ្វើអោយស្ពានសើម និងមានស្ថានភាពរអិល ហើយរថយន្តបើកលឿន ក៏រ៉េចង្កូតបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត ខ្ទេចមួយកំណាត់ តែមិនរបួសដល់មនុស្សឡើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានដែកបាឡេ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាក HiluxVigo ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ 062-0223 រងការខូចខាតខ្ទេចមួយកំណាត់មុខ ។

ប្រភពពីសន្តិសុខយាមនៅក្នុងតំបន់ OCIC ជ្រោយចង្វាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺរថយន្ដបង្កខាងលើធ្វើដំណើរ ពីរង្វង់នាងមច្ឆា សំដៅឡើងស្ពានដែកបាឡេ ទិសដៅពីកើតទៅលិច ស្របពេលមេឃកំពុងភ្លៀងរលឹមៗ ធ្វើអោយស្ពានមានស្ថានភាព រអិលខ្លាំង ហើយរថយន្តបើកលឿន ជាន់ហ្វ្រាំងបន្ថយល្បឿន មិនមិនជាប់ក៏រអិល ជ្រុលរ៉េចង្កូតទៅខាងឆ្វេងបុកផ្ទប់ និងបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលអោយរថយន្តវិលក្បាលត្រលប់ក្រោយ រងការខូចខាត ខ្ទេចមួយកំណាត់ និងផ្ទុះពោងសុវត្ថិភាព តែមិនមានអ្នករងរបួសឡើយ គឺខូចខាតតែរថយន្តបង្កតែប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុរួច រថយន្ដបង្កបានចតទុកចោល និងគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល រថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់អោយសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែង និងស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ ៕

មតិយោបល់