ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ៊ិន ចាន់និរ័ត្ន ពិបាករកមនុស្សស្មោះ ជួបហានិភ័យស្នេហ៍ថ្មី?

ពិធីការិនីប្រចាំប៉ុស្ដិ៍បាយ័នសំឡេងពីរោះសាច់សខ្ចីម៉ដ្ឋរលោង ស្រស់ស្អាតបែបធម្មជាតិគ្មានកែកុនកញ្ញា ហ៊ិន ចាន់និរ័ត្ន ហាក់ទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីមហាជនទៅលើទេពកោសល្យ និងរូបរាង ពណ៌សម្បុរសចាំងដូចបណ្ដូលចេក និងជាទីគយគន់របស់កន្លង់ទាំងពួង។ ជាពិសេសទោះបីជា នាងមានវ័យចូល ៣០ឆ្នាំទៅហើយមែន ប៉ុន្តែស្រីស្រស់រូបនេះនៅតែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ។

អ្វីដែលគូរឱ្យកត់សម្គាល់ចំពោះស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន កាលពីដើមឆ្នាំ២០២១នាងហាក់បង្ហាញស្នេហ៍ថ្មីជាចំហមួយម្ចាស់បទ”អាក្របី”លោក ចេន ដែលធ្វើឲ្យមានការចាប់អារម្មណ៍ទាំងតារាចម្រៀងរួមអាជីពនិងអ្នកគាំទ្ររបស់នាង។ ទោះកន្លងមកកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលធ្លាប់ប៉ៈស្នេហាមិនសមប្រកបជាច្រើនលើក ច្រើនសារមកហើយក្ដី នាងនៅតែមានទឹកមុខស្រស់ថ្លាហាក់គ្មានទុក្ខស្នេហ៍ដូចតារាមួយចំនួនទៀតដែលជួបរឿងស្នេហាប្រេះឆានោះទេ។

ថ្មីនេះពិធីការិនីធ្មេញចំពើសរូបនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសគួរឱ្យចាប់អារម្មណ៍ថា «មនុស្សស្មោះត្រង់ក្រៅពីគ្រួសារយើងមិនងាយមានទេ ទោះបីស្និតនឹងយើងរឺមិនសូវស្និត គេអាចធ្វើដើម្បីផលប្រយោជន៍គេប៉ុណ្ណោះ តែបើយើងដាំចិត្តស្មោះត្រង់ជាមួយមនុស្សជុំវិញដោយមិនប្រកាន់តែផលប្រយោជន៍យូរៗទៅ ថ្ងៃណាមួយយើងក៏នឹងទទួលបានការស្មោះត្រង់មកវិញមិនខាន ទោះច្រើនរឺតិច ។ ធ្វើតែល្អយើងនិងទទួលល្អ»។ សារនោះបានធ្វើ​ឱ្យមហាជនសង្ស័យថា និរ័ត្ន កំពុងមានហានិភ័យស្នេហ៍ទេឬ។

យ៉ាងណាមិញ ពិធីការិនីរូបស្រស់នេះមានជម្រើសស្នេហ៍ច្រើនណាស់ ហេតុនេះហើយបើលោក ចេន នៅតែមិនប្រញ៉ាប់ដឹកដៃស្រីស្អាតចូលរោងការទេប្រាកដជាមានកន្លង់ចោមស្នេហ៍ច្រើនទៀតជាមិនខាន ចាំត្រងស្នេហ៍តារាមានមន្ដស្នេហ៍រូបនេះ៕

មតិយោបល់