ព័ត៌មានជាតិ

យុវជនម្នាក់មានវិបត្តិក្នុងគ្រួសារ ជិះម៉ូតូមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វា

ភ្នំពេញៈ យុវជនម្នាក់ ផឹកស្រាស្រវឹងឈ្លោះគ្នាជាមួយម្តាយ និងនឹកឃើញរឿងឪពុកម្ដាយក្មេកមើលងាយខ្លួនថាជាមនុស្សអន់មនុសគ្មាន សមត្ថភាពរកប្រាក់ ចូលស្តីដណ្តឹងកូនស្រីគាត់រៀបការតាមផ្លូវច្បាប់ ស្មុគស្មាញគំនិតគិតអ្វីមិនចេញ ក៏ផឹកស្រាស្រវឹងបែកគំនិត ជិះម៉ូតូមកឈប់លើស្ពានជ្រោយចង្វាចាស់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿងគ្រប់យ៉ាង តែសំណាងល្អ អ្នករត់ម៉ូតូកង់បីឃាត់ទាន់ពេលវេលា ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើតាមប្រភពពីអ្នករត់ម៉ូតូរ៉ឺម៉កកង់បីឥណ្ឌា បានឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក wave ស៊េរីចាស់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1D-0368 ធ្វើដំណើរឡើងស្ពានជ្រោយចង្វាចាស់ ទិសដៅពីលិចទៅកើតមកដល់ពាក់កណ្ដាលស្ពាន ឈប់មួយសន្ទុះក៏ឡើងលើបង្កាន់ដៃស្ពាន បម្រុងលោតឃើញដូច្នោះ គាត់ក៏ឈប់កង់បី រត់ស្ទុះទៅជួយចាប់ទាញតែត្រូវខាងជនរងគ្រោះ រើបំរាស់ប្រទាញគ្នាទៅវិញទៅមក រហូតរហែកអាវជនរងគ្រោះ ហើយមានប្រជាពលរដ្ឋផ្សេងទៀត មកជួយឃាត់ទើបជាប់ និងលើកជនរងគ្រោះដាក់លើម៉ូតូកង់បី ដឹកចុះទៅក្រោមអោយសមត្ថកិច្ច ប្រចាំការនៅគោលដៅគល់ស្ពានជ្រោយចង្វា ជួយអន្តរាគមន៍ណែនាំ ។

បើតាមប្រភពពីបុរសរងគ្រោះវ័យ២២ឆ្នាំ សុំមិនឈ្មោះបានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់មានវិបត្តិគ្រួសារច្រើនឆ្នាំមកហើយ បើរៀបរាប់ពេញមួយយប់ក៏មិនអស់ដែរ ហើយគាត់បានបង្ហើបប្រាប់ខ្លីៗអោយដឹងថា រាល់ថ្ងៃនេះគាត់មានប្រពន្ធម្នាក់ រស់នៅជាមួយគ្នា៣ឆ្នាំមកហើយ តែមិនបានរៀបការទេតែឪពុកម្ដាយទាំងសងខាងដឹងឮនិងទទួលស្គាល់ ។ ហើយរាល់ថ្ងៃនេះគាត់ត្រូវទទួលរងនូវពាក្យ ប្រមាថមើលងាយពីម្តាយឪពុកខាងស្រីមើលងាយគាត់ថា ជាអ្នកក្រជាមនុស្សគ្មានសមត្ថភាព មិនអាចរកប្រាក់ដើម្បីស្តីដណ្តឹងប្រពន្ធគាត់រៀបការតាមផ្លូវច្បាប់ ដើម្បីបំពេញគ្រួសារខាងស្រី ។

ចំណែកឪពុកម្ដាយខាងស្រី តែងតែមកស្តីបន្ទោសខ្លួន និងបានទាមទារយកកូនស្រីគាត់ ត្រលប់ទៅវិញរហូត ។ រីឯប្រពន្ធគាត់វិញមួយរយៈចុងក្រោយនេះ ក៏រាងរកាំរកូសជាមួយគាត់ទៀត បើនិយាយពីគ្រួសារគាត់វិញក៏មើលងាយខ្លួនទៀត ចូលដល់ក្នុងផ្ទះពេលណាឮតែសំឡេងស្តីបន្ទោស ធ្វើអោយគាត់ធុញថប់ខ្លាំងណាស់ គិតអ្វីមិនចេញឮតែពាក្យស្តីបន្ទោស ហើយនៅយប់ថ្ងៃកើតហេតុ រូបគាត់ក៏បានផឹកស្រាស្រវឹងជាមួយមិត្តភក្តិ ពេលត្រលប់មកដល់ផ្ទះវិញ ក៏ប៉ះទង្គិចពាក្យសំដីជាមួយម្តាយបង្កើត ក៏ត្រូវម្តាយទះកំផ្លៀងគេចំនួន១០កំភ្លៀង ធ្វើអោយគាត់តូចចិត្តនិងមនុស្សជុំវិញខ្លួន ដែលមិនយល់ពីអារម្មណ៍ខ្លួនក៏សម្រេចចិត្ត ជិះម៉ូតូពីផ្ទះនៅសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ មកលើស្ពានជ្រោយចង្វាចាស់ ក្នុងគោលបំណងលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ចប់បញ្ហាជីវិត តែមិនទាន់បានលោតផង ក៏ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនជាប់តែម្តង។

ក្រោយកើតហេតុ បន្ទាប់ពីឃាត់ខ្លួនបុរសខាងលើ ត្រូវបានសមត្ថកិច្ចនាំចុះមកខាងក្រោម នៅគល់ស្ពានខាងកើតកន្លែងគោលដៅ ប្រចាំការរបស់កម្លាំងអន្តរាគមន៍ពិសេស ខណ្ឌជ្រោយចង្វា អោយបុរសនោះអង្គុយសម្រាកមួយសន្ទុះ និងនិយាយអប់រំណែនាំពាក្យល្អៗ រហូតដល់យុវជននោះស្វាងស្រា លែងមានគំនិតចង់សម្លាប់ខ្លួន ក៏អនុញ្ញាតអោយជិះម៉ូតូត្រលប់ទៅផ្ទះវិញ ៕

មតិយោបល់