ព័ត៌មានជាតិ

មុខសញ្ញាឆក់ទូរស័ព្ទដៃម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់បានមួយថ្ងៃ

បាត់ដំបងៈ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង១៥នាទី នៅចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជវអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារ៉ា ជានាយរងការិយាល័យ ចុះប្រតិបត្តិការបង្ក្រាបករណីខាងលើ មួយករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួនម្នាក់មកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរស្រាវជ្រាវក្នុងនោះគឺ៖
ឈ្មោះ បូ ចាន់ដេត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1A-2686 ជាមធ្យោបាយធ្វើសកម្មភាព។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង(ម៉ាកVivoY51និងOppReno4)។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៣និង២៥នាទី នៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទចំនួន ០២គ្រឿង(ម៉ាកVivoY51និងOppReno4)ពីជនរងគ្រោះឈ្មោះ ឆុន ចិន្តា ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវនេះ សមត្ថកិច្ចកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយ ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់