ភ្នំពេញៈ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលស្រ្តីអ្នកលក់សាច់មាន់ម្នាក់ ត្រូវបានចរន្តអគ្គិសនីដែលឆ្លងតាមសសរដែកតូបឆក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្រោយពេលក្រុមគ្រួសារនាំទៅសង្រ្គោះដល់មន្ទីរពេទ្យ។
ជនរងគ្រោះខាងលើឈ្មោះម៉ាន ធីតា ភេទស្រី អាយុ ៤១ឆ្នាំ មានកូន២នាក់ មុខរបរលក់សាច់មាន់ មានទីលំនៅផ្ទះលេខ៧៨ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុគេបានឃើញស្រ្តីរងគ្រោះអង្គុយលក់សាច់មាន់ នៅលើតូបនោះជាធម្មតាហើយពុំមាននរណា បានចាប់អារម្មណ៍ថា គាត់មានរឿងអ្វីនោះទេ លុះដល់ពេលកើតហេតុ ស្រាប់តែឃើញគាត់ធ្លាក់ពីលើតូបមកដី ទើបមានការភ្ញាក់ផ្អើល ប៉ុន្តែមុនដំបូងនឹកស្មានថា គាត់ខ្យល់គរ ពុំដឹងថាត្រូវចរន្តអគ្គិសនីឆក់ឡើយ។
ប្រភពដដែលបានបន្តថា ពេលឃើញបែបនេះក៏បាននាំគ្នាចូលទៅជួយ ទើបដឹងថាជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ ហើយក៏បានបញ្ជូនទៅសង្រ្គោះភ្លសមៗ ប៉ុន្តែជាអកុសលពេលទៅដល់ពេទ្យក៏បានស្លាប់បាត់បង់ជីវិត បន្ទាប់មកក៏បានដឹកសពត្រូវបានដឹកតាមរថយន្តពេទ្យនាំទៅកាន់កន្លែងកើតហេតុវិញ ដើម្បីឲ្យនគរបាលពិនិត្យ និងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់