ព័ត៌មានជាតិ

រថយន្តហាយលែនឌ័រ ធ្លាក់ប្រឡាយទឹកស្អុយ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយលែនឌ័រ មួយគ្រឿង កាច់ចង្កូតគេចពីរថយន្ដដែលបើកបញ្ច្រាសទិសគ្នា ដោយមិនប្រយ័ត្នក៏ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរបុរីពិភពថ្មីឈូកវ៉ា២ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-8496 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅកើតទៅលិច ។ លុះដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន និងប្រសព្វជាមួយផ្លូវរថភ្លើងរថយន្ដនោះ ក៏បានបត់ស្ដាំឆ្លងកាត់ផ្លូវរថភ្លើង ស្របពេលដែលមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកដែលបើកបញ្ច្រាសទិសគ្នា ។
ខណ:ពេលនោះអ្នកបើកបររថយន្តហាយលែនឌ័រ បានចាំងភ្នែកនិងភ្លើងហ្វារថយន្ដដែលបើកបញ្ច្រាសទិសគ្នា ។ ហើយធ្វើឲ្យអ្នកបើកបររថយន្តហាយលែនឌ័រ មើលផ្លូវមិនឃើញក៏បណ្ដាលឲ្យជ្រុលចង្កូត ធ្លាក់ដាំដូងចូលប្រឡាយទឹកស្អុយតែម្តង ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ហើយដោយរថយន្តនោះមិនបង្កជាគ្រោះថ្នាក់ដល់អ្នកដទៃ និងបង្កឲ្យខូចខាតដល់សម្បត្តិសាធារណ: ទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់រថយន្ត ធ្វើការស្ទូចយករថយន្តជួសជុលដោយខ្លួនឯង ៕

មតិយោបល់