ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ជនជាតិចិនម្នាក់ បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង បត់ឆ្លងផ្លូវត្រឡប់ក្រោយ ដោយមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យកៀបម៉ូតូជាប់និងកង់រថយន្ត ត្រង់ចំណុចខាងមុខមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-7963 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ រថយន្តក៏បានបត់ឆ្វេងត្រឡប់ទៅក្រោយវិញ ស្របពេលនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពងធំ 2N-3902 ជិះដោយយុវជន០៣នាក់ក្នុងល្បឿនយ៉ាងលឿន ទិសដៅស្របគ្នាជាមួយរថយន្ត ។ រួចក៏ជ្រុលទៅបុករថយន្តចំកង់ខាងមុខចំហៀងខាងស្ដាំ បណ្តាលឲ្យម៉ូតូរងការខូចខាតបែកកាបាំងខាងមុខ ចំណែកឯរថយន្តបានរងការខូចខាត ក្រពឹតទ្វារនិងបាក់កញ្ចក់មើលក្រោយចំហៀងខាងស្ដាំ ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តចេញសំណង១០០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់