បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈមានរថយន្តមិនស្គាល់អត្តសញ្ញាណបុកស្លាប់ ក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត ហើយដឹកសពយកមកប្លុងចោលនៅភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង០៩និង៥៨នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅចំណុចខាងកើតវិទ្យាល័យនិមិត្តថ្មី ប្រហែល៥០ម៉ែត្រ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយរថយន្តបុកអ្នកថ្មើរជើងដើរឆ្លងផ្លូវ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែមិនឃើញជនរងគ្រោះនិងរថយន្តនោះទេ ឃើញមានតែកាបូបនិងស្បែកជើងជនរងគ្រោះ នៅនឹងកន្លែងកើតហេតុ ។ បើតាមសំដីសាក្សី នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ដំបូងគាត់បានឮសំឡេងនៅមុខផ្ទះរបស់គាត់ ពេលចេញមកឃើញមានមនុស្សដួលនៅលើទ្រូងផ្លូវ ហើយគាត់បានរត់សំដៅទៅហៅកម្លាំងកងរាជអាវុធហត្ថ ដែលនៅយាមមុខសាលានិមិត្តថ្មី លុះប្រហែល១០នាទីក្រោយមក គាត់ត្រឡប់មកវិញស្រាប់តែបាត់សាកសពនោះ ។
នគរបាលបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវរបស់នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពី នគរបាលចរាចរណ៍ស្រុកអូរជ្រៅថា មានសាកសពស្ត្រីម្នាក់ស្លាប់ ត្រូវបានគេយកទៅទុកចោលនៅខាងត្បូងផ្លូវជាតិលេខ៥ មុខសាលាស្រុកអូរជ្រៅ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឌុល គន្ធា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ធ្លាយពោះវៀន) ។
សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ក្នុងករណីនេះកម្លាំងជំនាញចរាចរណ៍កំពុងស្រាវជ្រាវបន្ត ៕
មតិយោបល់