ភ្នំពេញៈ នៅវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រថយន្តឡង់គ្រីស័រស៊េរីទំនើប មួយគ្រឿង បើកល្បឿនពេកបួងចង្កូតបត់មិនផុត ជ្រុលទៅបុករះផ្ទះពលរដ្ឋទាំងកណ្តាលយប់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ទីតាំងស្ថិតតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុគេ បានឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BE-5567 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានបួងចង្កូតជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតអស់មួយចំនួន ។ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់មកបានប្រជាពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាម ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានសហការ ជាមួយផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចឱ្យភាគីម្ចាស់ផ្ទះ និងខាងរថយន្តបង្កធ្វើការចរចាគ្នា ចុងក្រោយខាងភាគីរថយន្តបង្កព្រមសង ជាសំណងថ្លៃជួសជុលចំនួន២៧៥០$ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតតែម្តង ៕
មតិយោបល់