ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យប្រុសស្រីចំនួន​៨នាក់ ទៅតុលាការ

បន្ទាយមានជ័យ: កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ បានចាប់ និងបញ្ជូនមុខសញ្ញាប្រុសស្រីចំនួន៨នាក់ ទៅកាន់សាលាដំបូងខេត្ត ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​។

ជនសង្ស័យប្រុសស្រីដែលត្រូវបញ្ជូននោះ រួមមាន៖ ទី១-ឈ្មោះ ប៊ុន សេងអាន់ ភេទប្រុសអាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដជាមុខសញ្ញាជួញដូររស់នៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី។ ទី២-ឈ្មោះ វុធ សុភាព ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រស់នៅក្នុង សង្កាត់ព្រះពន្លា។ ទី៣-ឈ្មោះ រឿន ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងឃុំចំណោម ស្រុកមង្គលបូរី។ ទី៤-ឈ្មោះ ម៉ សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ។ ទី៥-ឈ្មោះ យឹន ម៉ី ភេទស្រី អាយុ២៤ឆ្នាំ ជានារីខារ៉ាអូខេ។ ទី៦-ឈ្មោះ ឆា សោភ័ណ ហៅសក្កណា ភេទស្រី អាយុ២៦ឆ្នាំ ទើបចេញពីមណ្ឌលកែប្រែសារធាតុញៀន។ ទី៧-ឈ្មោះ កែវ ត្រាង ហៅត្រា ភេទស្រីអាយុ៣២ឆ្នាំ ជានារីខារ៉ាអូខេរស់នៅក្នុងក្រុងសិរីសោភ័ណ ។ ទី៨-ឈ្មោះ ចាន់ ស្រស់ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

លោក ចាប សុផារិទ្ធ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យ​ដឹងថា ក្រោមបទបញ្ជាយ៉ាងដាច់ខាចរបស់លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម កាលពី​រសៀលថ្ងៃទី២៩ ខែធ្នូ កម្លាំងជំនាញបានធ្វើការព័ទ្ធចាប់ជាក់ស្ដែងបានចំនួនបីនាក់ភ្លាមៗនៅនឹងផ្ទះជួលចំណុចភូមិសែសិន ក្រុងសិរីសោភ័ណ នឹងបន្តស្រាវជ្រាវចាប់បាន៥នាក់បន្ថែម ដោយក្នុងនោះដកហូតវត្ថុតាងជាថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១៣កូនថង់តូច និងថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីនចំនួន១៧គ្រាប់ រួមទាំងទូរសព្ទដៃ៣គ្រឿងផងដេរ៕

មតិយោបល់