ភ្នំពេញៈ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីអង្គុយពីក្រោយបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាក ព្រូស កំពុងបើកឆ្លងភ្លើងស្តុបចំពាក់កណ្ដាលទ្វារខាងឆ្វេងពេញទំហឹងដួលបោកក្បាលនឹងថ្នល់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តមកែងនិងផ្លូវ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះជាបុរសនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយបច្ចុប្បន្នសព កំពុងតែតម្កល់ទុកនៅវត្តទឹកថ្លា។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាក ព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AG-7411 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្តុបផ្លូវបំបែកជាបួន ស្រាប់តែគេឃើញបុរសជនរងគ្រោះបានជិះម៉ូតូម៉ាក ស្គុបពី មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-5312 ឌុបនារីម្នាក់ពីក្រោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោមត្តក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងទ្វារខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ រីឯនារីអង្គុយពីក្រោយរងរបួសធ្ងន់។ ចំណែកឯរថយន្តបង្កបន្តបើករត់គេចទៅមុខតែរត់មិនរួច ត្រូវសមត្ថកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្ត។
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់រួចក៏វាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ចំពោះសពតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់