ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្ត FORD រេចង្កូតបុករ៉ឺម៉កម៉ូតូបណ្តាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD ពាក់ស្លាកលេខ ភ្នំពេញ 2BD-4333 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាបានរេចង្កូតជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿង ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ ស៊េរីទំនើបមួយគ្រឿងម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-4333 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះ បានរេចង្កូតទៅបុកគូទរ៉ឺម៉កម៉ូតូមួយគ្រឿង ដែលបានចតស្ងៀមនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ក្នុងករណីនេះបណ្តាលឲ្យរថយន្តបង្កហេតុ និងរ៉ឺម៉កម៉ូតូរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះមកឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក នាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់