ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ចង់ស៊ីដាច់ម៉ូតូមិត្តភក្តិ តែស៊ីមិនទាន់ដាច់ផង ត្រូវកម្លាំងសមត្ថកិច្ចក្របួចជាប់

បាត់ដំបង: កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងក៏ដូចជា យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណីរំលោភ លើទំនុកចិត្ត( ស៊ីដាច់ម៉ូតូ ) មិត្តភក្តិ០១ករណី និងបាន ធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ រស់ រុន ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ ។

វត្ថុតាងដកហូតរួមមាន ៖ -ម៉ូតូ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-3190 ។

សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០ នាទី ជនសង្ស័យខាងលើ បានធ្វើសកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះឈ្មោះ អ៊ូច សុខគា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិអូរកំបុត ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពេលខ្ចីបានហើយក៏ជិះយកទៅបាត់រហូត (ចង់ស៊ីដាច់) មិនយកមកប្រគល់ឱ្យម្ចាស់វិញឡើយ ។

ដោយមិនឃើញជនសង័្សយយកម៉ូតូ ដែលខ្ចីនោះមកឱ្យខ្លួនវិញ ជនរងគ្រោះក៏ប្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយតាមរយ:ការស្រាវជ្រាវ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី សមត្ថកិច្ច ធ្វើការនាំខ្លួនជនស ង្ស័យខាងលើ មកកាន់ស្នងការដ្ឋានរួមទាំងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះផង ។

បច្ចុប្បន្ន ការិយាល័យជំនាញបានធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯម៉ូតូប្រគល់ជូនជនរងគ្រោះវិញ ៕

មតិយោបល់