ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យ០២នាក់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

តាកែវៈ នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៤ និង១០នាទី មានករណីធ្វើឱ្យខូចដោយចេតនា (គប់កញ្ចក់រថយន្ត) មួយកើតឡើងនៅចំណុចផ្លូវខេត្តលេខ១២៩ ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ ៥-៦ ស្ថិតក្នុងភូមិស្លាខាងកើត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។

ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ស គ្មានផ្លាកលេខ បណ្តាលឱ្យខូចខាតកញ្ចក់មុខ និងផ្នែកចំហៀងការប៊ីនខាងស្តាំ រថយន្តមួយគ្រឿង បើកបរដោយឈ្មោះ ហ៊ុន ណារិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ តែមិនបណ្តាលឱ្យមានរងរបួសនោះទេ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី របស់ឯកឧត្តម ព្រះរាជអាជ្ញារ នៃអយ្យការអមសាលាដំបូង ខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃ ខែឆ្នាំដដែលមាន៖

ទី១-ឈ្មោះ ស៊ិន កែវរិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ និងទី២-ឈ្មោះ ឃន បញ្ញារ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្រាំងរអូដ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពិតជាបានធ្វើសកម្មភាពគប់រថយន្តខាងលើពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅលាសាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់