ព័ត៌មានជាតិ

ម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកបុករថយន្តខណៈកំពុងបត់ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

តាកែវ: នៅថ្ងៃ អាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្នូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តនិងម៉ូតូស្របទិសគ្នា បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ ស្ថិតនៅលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ ៨០-៨១ ស្ថិតក្នុងភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ផ្លាកលេខកំពត 2C.6386 បើកដោយឈ្មោះ ង៉ែត ខន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិមនោណុប ឃុំជម្ពូវន្ត័ ស្រុកជុំគីរី ខេត្តកំពត ដែលបើកបរមកពីទិសខាងជើង ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងកើត បម្រុងត្រឡប់ក្រោយ ខណ:ពេលកំពុងបត់នោះក៏មានម៉ូតូមួយគ្រឿង មកបុកតែម្តង ដែលម៉ូតូនោះម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ភ្នំពេញ 1U-0409 បើកបរដោយឈ្មោះ ទិត្យ ញ៉ាញ់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិឈើទាល ឃុំជម្ពូវន្ត័ ស្រុកជុំគីរី ខេត្តកំពត (រងរបួសធ្ងន់) ពាក់មួកសុវត្ថិភាព ដែលបើកបរមកពីទិសខាងជើង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល បានចុះធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ។ ចំណែកឯអ្នករងគ្រោះត្រូវបានបងប្អូនឪពុកម្តាយ យកទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ដើម្បីព្យាបាល ។ មូលហេតុខាងលើនេះ បណ្តាលមកពីរថយន្តបត់ឆ្វេង ។ ករណីនេះកម្លាំជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់