ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្រ្កាបមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១ មានកិច្ចប្រតិបត្តិការ បង្ក្រាបរបស់កម្លាំងនគរបាលស្រុកកណ្តៀង និងស្រុកក្រគរទៅលើជនមុខសញ្ញា លួចម៉ូតូម្នាក់ដែលបាន លួចម៉ូតូរបស់ឈ្មោះ ហេង ភន ភេទប្រុស អាយុ៥៧ឆ្នាំ ស្ថិតនៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ១៥នាទី នៅចំណុចផ្ទះរបស់គាត់ ។

តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ពីលោកអធិការនគរបាល ស្រុកកណ្តៀង និងយោងតាមការរាយការណ៍ របស់ជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង តាមរយ:ទូរស័ព្ទនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ០០នាទីព្រឹកថា មានជនសង្ស័យម្នាក់ បានជិះម៉ូតូតាមផ្លូវ ជាតិលេខ៥ ចូលទៅតាមផ្លូវវត្តសម្ដេចយស ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកអធិការនគរបាលស្រុកក្រគរ បានបញ្ជាឲ្យកម្លាំងជំនាញ ព្រហ្មទណ្ឌស្រុកក្រគរ ចេញអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុត កាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ និងម៉ូតូ១គ្រឿង ម៉ាកទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ គ្មានផ្លាកលេខ ។

នៅចំណុចផ្ទះរបស់ឈ្មោះ អ៊ុន សារី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ដែលជនសង្ស័យបំរុងយកទៅលក់ឲ្យឈ្មោះ អ៊ុន សារី ។

របាយការណ៍បានឲ្យដឹងទៀតថា ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំយកមកសួរនាំ នៅអធិការដ្ឋាននគរបាល ស្រុកក្រគរ រួចបានធ្វើកំណត់ហេតុ ប្រគល់ជូនលោកអធិការនគរបាលស្រុកកណ្ដៀង តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង១១ និង ០១នាទី ដើម្បីចាត់ការ បន្តរតាមនីតិវិធី ៕

មតិយោបល់