បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្ស០២នាក់បានស្លាប់នៅនឹងកន្លែង និង០៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូនិងបន្តទៅបុកជាមួយគោយន្តកន្ត្រៃ នៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ក្រៅទីប្រជុំជន ត្រង់ចំណុចខាងកើតស្ពានអូរឫស្សី ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ដំបូងមានរថយន្ត០១គ្រឿងម៉ាក HIGHTLANDER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5046 បើកបរដោយឈ្មោះ ណែ ពុំ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅ ពីកើតទៅលិច នៅពេលបើកដល់ចំណុចខាងកើតស្ពានអូរឫស្សី ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប បានបុកម៉ូតូ០១គ្រឿង ម៉ាកទ្រីមសេរី១៩៩៩ ពណ៌ខ្មៅ គ្មានស្លាកលេខ ពីក្រោយ បើកបរដោយ ឈ្មោះ សឿន តុលាភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (របួសជើងឆ្វេងធ្ងន់) ។
លោកអធិការបានបន្តថា៖ ក្រោយពីបុកម៉ូតូរួចអ្នកបើកបររថយន្តបានព្យាយាមបើករត់គេចខ្លួន ពេលមកចំណុចខាងលិចផ្លូវចូលវត្តឡោតេប្រហែល ៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំលៀបខាងលិច ឃុំភ្នំលៀប បានបុកជាមួយគោយន្តកន្ត្រៃ០១គ្រឿងទៀត បើកក្នុងទិសដៅពីលិចទៅកើតរួចបត់ឆ្វេង បើកបរដោយឈ្មោះ ក្រិញ ជុំភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឡោតេ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់០២នាក់នៅនឹងកន្លែងកើតហេតុ អ្នកបើកគោយន្តនិងអ្នករួមដំណើរម្នាក់ជាប្រពន្ធ ចំណែកកូនប្រុសអាយុ១២ឆ្នាំ របួសធ្ងន់ ។ ចំពោះអ្នកបើកបររថយន្ត និងអ្នករួមដំណើរសរុប០៥នាក់ របួសធ្ងន់ ។ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា៖ មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្ត មានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកគោយន្តកន្ត្រៃបត់ឆ្វេងប្តូរទិសមិនប្រយ័ត្ន ។ ចំពោះវត្ថុតាង ម៉ូតូ គោយន្តនិងរថយន្តខូចធ្ងន់ នគរបាលជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ក្រោយពីពិនិត្យ និងវាស់វែងរួច ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់