ព័ត៌មានជាតិ

បុរសវ័យ ៥៧ឆ្នាំ ម្នាក់ ជីកដីដំបូកកម្ពស់ប្រហែល ៣ម៉ែត្រ យកមកបិទឡដុតធ្យូង បណ្ដាលឲ្យបាក់ធ្លាក់ចំក្បាលស្លាប់នៅនឹងកន្លែង

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសវ័យ ៥៧ឆ្នាំ ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈពេលទៅជីកដីដំបូកយកមកបិទឡដុតធ្យូង ត្រូវដីដំបូកបាក់សង្កត់ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈន់ ឈៀង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នៅពេលកើតហេតុជនរងគ្រោះបានទៅជីកដីដំបូកនៅចំណុចក្រោយផ្ទះចម្ងាយប្រហែល២០ម តែម្នាក់ឯងយកដីបិទឡដុតធ្យូង នៅ​ពេលកំពុងតែជីកស្រាប់តែដីដំបូកមានកម្ពស់ប្រហែល៣ម៉ែត្រ បានបាក់ធ្លាក់មកសង្កត់ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ប្រភពដដែលបានបញ្ជាក់ថា៖នៅពេលបាក់ដីធ្លាក់សង្កត់នោះ គ្មានអ្នកណាដឹងនឹងជួយនោះទេ លុះប្រពន្ធដើរទៅមើលប្តី ក៏ស្រាប់តែឃើញប្តីដេកស្លាប់ផ្គាប់មុខដោយដីដំបូកដ៏ធំសង្កត់ក្បាលស្លាប់ក្បែរឡ ។​ សពត្រូវបាន ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់