ព័ត៌មានជាតិ

កម្មកររោងចក្រម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រូវក្រុមជនសង្ស័យ០៤នាក់​ ធាក់ផ្តួលប្លន់យកម៉ូតូ

ភ្នំពេញៈ នៅវេលាម៉ោង០៩ និង២០នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីជនសង្ស័យមួយក្រុមមានគ្នាចំនួន០៤នាក់ ជិះម៉ូតូប្រដាប់ដោយដាវ បានធ្វើសកម្មភាព ធាក់ផ្តូលនិងគំរាមកាប់ប្លន់យកម៉ូតូឌ្រីមសង់០២១ មួយគ្រឿង ពីជនរងគ្រោះម្នាក់ ជាកម្មកររោងចក្រ ស្ថិតតាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ ជាកម្មករធ្វើការនៅរោងចក្រមួយកន្លែង ពេលចប់ម៉ោងការងារ បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់០២១ ពាក់ស្លាកលេខភ្នំពេញ1IR-0035 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ក្នុងគោលបំណងត្រលប់ទៅផ្ទះ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុម ជនសង្ស័យចំនួន០៤នាក់ មិនស្គាល់នូវអត្តសញ្ញាណ ជិះម៉ូតូប្រដាប់ដោយដាវ បានធ្វើសកម្មភាពធាក់ជនរងគ្រោះផ្តួលប្លន់យកម៉ូតូ និងគំរាមកាប់ បណ្តាលឲ្យជនរងគ្រោះដួលរងរបួសស្នាម ។ ភ្លាមៗនោះក្រុមជនសង្ស័យ បានលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនដោយសុវត្ថិភាព ។

ករណីខាងលើនេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងអ្នកសារព័ត៌មាន ជាច្រើនអង្គភាពចុះមកសាកសួរព័ត៌មានពីជនរងគ្រោះ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ដើម្បីជួយអន្តរាគមន៍ ស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់