តាមគម្រោងចាប់ពីថ្ងៃពុធ ទី៨ កញ្ញា រដ្ឋាភិបាលត្រូវប្តូរពីវិធានការបិទខ្ទប់ក្រុងម៉ានីលទាំងមូលទៅជាការបិទខ្ទប់ដោយជ្រើសយកផ្ទាំងស៊ីបនៅតាមតំបន់ដែលកំពុងមានកំណើនករណីឆ្លងកូវីដ១៩ ខ្លាំង ពិសេសឆ្លងដោយមេរោគកូវីដ១៩ បំប្លែងខ្លួន «ដែលតា»។ ជម្រើសផ្ទាំងស៊ីបនៅតាមតំបន់អាចធ្វើឡើងទៅលើលំនៅដ្ឋាន អាគារ ផ្លូវ ឬមួយក៏សង្កាត់ណាមួយ។ ការប្រើយុទ្ធសាស្រ្តរបៀបនេះត្រូវបានរដ្ឋាភិបាលយល់ថា គឺដើម្បីជួយសម្រាលតំបន់ និងទីកន្លែងណាដែលមិនសូវមានកំណើនករណីឆ្លង និងអនុញ្ញាតឲ្យតំបន់ និងទីកន្លែងទាំងនោះអាចបើកសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ។
តែនៅទីបំផុតក្នុងថ្ងៃអង្គារ ទី៧ កញ្ញា រដ្ឋាភិបាលបានប្តូរចិត្តវិញដោយបន្តវិធានការបិទខ្ទប់នៅទូទាំងក្រុងម៉ានីលរហូតដល់ថ្ងៃទី១៥ កញ្ញា ឬមួយក៏រហូតដល់រដ្ឋាភិបាលផ្តើមអនុវត្តវិធានការបិទខ្ទប់ដោយជ្រើសយកផ្ទាំងស៊ីបនៅតាមតំបន់។ ការប្តូរចិត្តវិញភ្លាមៗនេះមិនត្រូវបានរដ្ឋាភិបាលលើកយកហេតុផលទៅពន្យល់ទេ។ ដូច្នេះ ភោជនីយដ្ឋានក្នុងក្រុងម៉ានីលដែលបានបិទទ្វារតាំងពីថ្ងៃទី៦ សីហា និងបានត្រៀមខ្លួនបើកទ្វារឡើងវិញចាប់ពីថ្ងៃពុធ ទី៨ កញ្ញានឹងត្រូវបន្តបិទទ្វាររហូតដល់ថ្ងៃទី១៥ កញ្ញា។ ចំណែកហាងកែសម្ផស្សក៏បន្តទុកទ្វារបិទ ហើយវិហារកាតូលិកក៏នៅមិនទាន់អាចបើកទ្វារទទួលគ្រឹស្តបរិស័ទបានដែរ។
គួរបញ្ជាក់ថា តាំងពីថ្ងៃផ្ទុះជំងឺកូវីដ១៩ ដំបូង ការបិទខ្ទប់ប្រទេស និងវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាលបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ដុនដាបដោយមានមនុស្សជាច្រើនលាននាក់បានបាត់បង់ការងារ និងមានគ្រួសារជាច្រើនកំពុងរស់ក្នុងស្ថានភាពគ្មានប្រាក់ចំណូលទៀងទាត់។ ជាមួយនឹងចំនួនអ្នកបានចាក់វ៉ាក់សាំងរួចដែលមានត្រឹមតែ ១៩% សន្ទុះកំណើនករណីឆ្លងកូវីដ១៩ ពិសេសមេរោគ «ដែលតា» និងការចាល់នៅមន្ទីរពេទ្យគ្មានកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ រដ្ឋាភិបាលហាក់គ្មានជម្រើសអ្វីផ្សេងក្រៅពីប្រើវិធានការបិទខ្ទប់ទេ។ គិតត្រឹមសប្តាហ៍កន្លងទៅ ហ្វីលីពីនមានករណីឆ្លងកូវីដ១៩ សរុបឡើងដល់ ២លាននាក់ និងមានស្លាប់ជាង ៣៤ ០០០នាក់៕

មតិយោបល់