កណ្ដាលៈ ថ្ងៃអាទិត្យ ៦ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានករណីហិង្សា ដោយចេតនាវេលាម៉ោង ០៩និង៣០នាទី ចំណុចផ្លូវជាតិលេខ៦ មុខផ្ទះឈ្មោះ សាយ ស្រេង ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះ០២នាក់៖ ១. ឈ្មោះ ស្រឿន សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅសព្វថ្ងៃ ភូមិ ឃុំកើតហេតុ រងរបួសនៅលើក្បាល ចំហៀងខាងឆ្វេងចំនួន០៥កន្លែង ដេរចំនួន១៥ថ្នេរ ។ ២.ឈ្មោះ កៃ សុផាត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ ភូមិ ឃុំកើតហេតុរងរបួស ហើមក្បាលខាងក្រោយចំនួន០២កន្លែង ។
ជនសង្ស័យឈ្មោះ ញឹម សំអូន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តក្រុង ដឹកអ្នកដំណើរ មានទីលំនៅ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
វត្ថុតាងចាប់យក៖ ១.រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 3A-2275 ចំនួន០១គ្រឿង ។ ២.ដុំឥដ្ឋប្រហោង មានស្នាមបែកស្រាប់ ដោយមានឈាមប្រលាក់មួយកន្លែងចំនួន០១ដុំ ។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ញឹម សំអូន បានបើករថយន្តក្រុងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 3A-227 របស់ក្រុមហ៊ុន ថេត ស៊ុនអ៊ូ ដឹកអ្នកដំណើរចេញពីបេនឡានផ្សារដើមគរ រាជធានីភ្នំពេញ គោលដៅទៅខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ។ លុះមកដល់ស្ពានព្រែកតាម៉ាក់ នៅវេលាម៉ោង ០៩និង៣០នាទីព្រឹក ជនសង្ស័យបានបន្ថយល្បឿនយឺតៗ អែបខាងស្ដាំ ប៉ុន្តែមិនបានស៊ីញ៉ូភ្លើងរថយន្តទេ ក្នុងគោលបំណងហៅអ្នកដំណើរ ស្របជាមួយគ្នានោះ ម៉ូតូរបស់ជនរងគ្រោះបានបើកចុះ ពីលើស្ពានព្រែកតាម៉ាក់ទិសដៅពីត្បូងទៅជើង ហើយរថយន្តរបស់ជនសង្ស័យប៊ិះកៀរ ម៉ូតូជនរងគ្រោះ ធ្វើអោយជនរងគ្រោះមានការភិតភ័យ និងមានចិត្តខឹង ក៏បើកម៉ូតូវ៉ាពីមុខរថយន្តរបស់ជនសង្ស័យ ហើយលើកដៃចង្អុលជនសង្ស័យជាតៃកុងឡាន កុំអោយបើកព្រហើន ឃើញដូចច្នេះ ជនសង្ស័យបានចុចស៊ីផ្លេររថយន្ត ដើម្បីអោយជនរងគ្រោះចៀស តែជនរងគ្រោះ មិនចៀស ក៏បើកម៉ូតូពីមុខរថយន្តលើកដៃចង្អុលចុះ ចង្អុលឡើង ពេលនោះជនសង្ស័យ ក៏បានបើករថយន្តអែបទៅឈប់ខាងស្ដាំដៃ ហើយជនរងគ្រោះក៏បានឈប់នៅក្បែរទ្វាររថយន្តខាងស្ដាំ ហើយអង្គុយនៅលើម៉ូតូនោះ បន្ទាប់មកជនសង្ស័យ បានបើកទ្វាររថយន្តចុះ ក៏ទៅធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្ដាលអោយត្រូវភ្លៅជនរងគ្រោះឈ្មោះ កៃ សុផាត ប៉ុន្តែមិនបានដួលម៉ូតូទេ ភ្លាមនោះជនរងគ្រោះឈ្មោះ កៃ សុផាត ក៏បានវាយជនសង្ស័យវិញ ក្នុងពេលនោះជនសង្ស័យ ក៏បានរើសដុំឥដ្ឋប្រហោងបែកស្រាប់ វាយទៅលើជនរងគ្រោះឈ្មោះ កៃ សុផាត ចំក្បាលខាងក្រោយចំនួន ០១ដុំឥដ្ឋ ហើមជាំ ឃើញដូច្នេះជនរងគ្រោះ ឈ្មោះ ស្រឿន សុភាបានចូលទៅជួយ ហើយក៏ត្រូវជនសង្ស័យ វាយត្រូវក្បាលចំហៀងខាងឆ្វេង ចំនួន០៤ដុំឥដ្ឋថែមទៀត បណ្ដាលអោយបែកហូរឈាម ក្នុងពេលនោះក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក ឃើញដូច្នេះប្រពន្ធរបស់ជនសង្ស័យបានចូលទៅឃាត់ ក៏ត្រូវជនរងគ្រោះឈ្មោះ ស្រឿន សុភា វៀសដៃត្រូវបណ្ដាលឱ្យដួល រួចមកជនរងគ្រោះទាំងពីរនាក់ ក៏បានវាយទៅលើជនសង្ស័យត្រូវមាត់ និង គុម្ពត្រចៀកវិញ ឃើញដូច្នេះអ្នកធ្វើដំណើរនៅលើរថយន្តនោះ បាននាំគ្នាចុះមកជួយឃាត់ បន្ទាប់មកជនសង្ស័យ ក៏បានបើករថយន្តរត់ដោះខ្លួន ឃើញដូច្នេះជនរងគ្រោះ ក៏បានតេទូរស័ព្ទប្តឹងទៅសមត្ថកិច្ច ដើម្បីអោយជួយស្ទាក់ឃាត់រថយន្តខាងលើ ។ ពេលជនសង្ស័យបើករថយន្តដល់ចំណុច ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តនោះជាប់ រួចក៏បញ្ជូនជនសង្ស័យនិងរថយន្តមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសម្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ និងបានយកដុំឥដ្ឋប្រហោងវាយ ទៅលើជនរងគ្រោះទាំងពីរនាក់ ចំក្បាលបណ្ដាលឲ្យមានរបួសស្នាមពិតមែន ។ ចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់