បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យផ្ទះ០១ខ្នង ធ្វើអំពីឈើលើ ថ្ម ក្រោម ខូចខាត អស់ស្ទើរតែទាំងស្រុង ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីហេតុការណ៍គ្រោះអគ្គីភ័យនេះ លោកបានដឹកនាំកម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាល និងរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង ចុះជួយអន្តរាគមន៍ពន្លត់ ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ផ្ទះដែលរងគ្រោះដោយអគ្គីភ័យនេះ មានទំហំបណ្តោយ ១០ម៉ែត្រ ទទឹង០៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ថ្មក្រោម មានម្ចាស់ផ្ទះឈ្មោះ ស្មុក មុំ ភេទស្រី អាយុ ៤៧ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅជាមួយចៅតូចៗ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ៖ តាមការរៀបរាប់ ពីស្ត្រីជាម្ចាស់ផ្ទះនៅមុនពេលកើតហេតុ រូបគាត់និងចៅៗចំនួន០៣នាក់ ដេកនៅខាងក្រោម ចំណែកខាងលើគ្មានមនុស្សដេកទេ ហើយភ្លើងបានចាប់ផ្តើមឆេះពីខាងលើ រួចបានធ្លាក់រងើកភ្លើងមកខាងក្រោមផ្ទះ ត្រូវចង្រ្កានហ្គាសផ្ទុះភ្លើងឆេះកាន់តែខ្លាំង ហើយគាត់និងចៅតូចៗនាំគ្នារត់ចេញមកក្រៅផុតពីគ្រោះថ្នាក់ ដោយមិនបានយកអ្វីទាន់នោះឡើយ ចំពោះសម្ភារនៅក្នុងផ្ទះ មាន ប្រាក់បាត ឆេះអស់ចំនួន១៥ម៉ឺនបាត , លោហធាតុពណ៌លឿង ចំនួន ០១វង់ ទម្ងន់ ០៥ជី , ម៉ាស៊ីនត្រជាក់០១គ្រឿង ,ទូទឹកកក០១គ្រឿង , ចង្ក្រានហ្គាស ០៣គ្រឿង , គ្រែដេកចំនួន០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ៖ ផ្ទះត្រូវខូចខាតអស់ប្រមាណជា៨០% តាមការសន្និដ្ឋានជាជំហានដំបូង គឺបណ្តាលមកពីទុសេ្សខ្សែភ្លើងនៅផ្ទះឈើខាងលើ បន្ទាប់មកក៏ធ្លាក់ដុំភ្លើងមកក្រោមត្រូវនឹងចង្រ្កានហ្គាស បង្កឲ្យកាន់តែឆាបឆេះខ្លាំង ពេលរថយន្តពន្លត់អគ្គីភ័យទៅដល់ភ្លើងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ពេលនោះកម្លាំងសម្ថកិច្ចបានបាញ់ទឹកអស់០១រថយន្តអាចគ្រប់គ្រងស្ថានការណ៍បាន និងមិនមានការរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ក្នុងគ្រោះអគ្គីភ័យនេះ គឺពុំបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះឡើយ ខូចខាតតែផ្ទះ ទ្រព្យសម្បត្តិមួយចំនួន និងសម្ភារប្រើប្រាស់ក្នុងផ្ទះតែប៉ុណ្ណោះ ៕
មតិយោបល់