ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី មានករណីបាត់មនុស្ស ដោយសារជនរងគ្រោះ បានហែលទឹកឆ្លងទៅត្រើយម្ខាងស្ទឹង ដើម្បីបាញ់សត្វ នៅចំណុចភូមិក្តីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ តែជនរងគ្រោះមិនឃើញត្រលប់មកផ្ទះវិញទេ បាត់ខ្លួនរហូត លុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០៦និង៣០នាទីព្រឹក ទើបឃើញអណ្តែតនៅក្នុងទឹកស្ទឹង នៅចំណុចផ្លូវកោងក្នុងទឹកស្ទឹងលលកសចាស់ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចន្ទថា រីទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្តីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ក្រោយពីសមត្ថកិច្ចនគរបាល បានពិនិត្យសាកសពជនរងគ្រោះ និងបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយលង់ទឹកពិតប្រាកដមែន ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ និងបានប្រគល់សពទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់