ព័ត៌មានជាតិ

ថ្មីទៀតហើយ! សមត្ថកិច្ច២ខណ្ឌសហការគ្នាដេញឃាត់ជនសង្ស័យ៤នាក់ដែលជិះម៉ូតូឆក់ខោអាវនៅកន្លែងលក់

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលខណ្ឌកំបូល រួមជាមួយកម្លាំងប្រជាការពារ សហការណ៍គ្នាដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ៤ក្រោយពេលជនទាំងនេះជិះម៉ូតូ២គ្រឿងទៅធ្វើសកម្មភាពឆក់ខោអាវ នៅកន្លែងលក់។ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១,ឈ្មោះអាវ ខារ៉ា អាយុ១៧ឆ្នាំទី ២,ឈ្មោះកុយ ចាន់សុិន អាយុ១៧ឆ្នាំ ទី៣,ឈ្មោះវណ្ណ វណ្ណ: អាយុ១៧ឆ្នាំ ទី៤,ឈ្មោះរី សាមុត អាយុ១៧ឆ្នាំ។ក្រុមនេះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងនិង ម៉ាកស៊ុយហ៊្សុយគីនិច១គ្រឿងធ្វើសកម្មភាព។

ប្រភពដដែលបានបន្តថា កន្លងមកក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពឆក់ខោអាវបានសម្រេចច្រើនលើកមកហើយ ដោយឡែកនៅវេលាកើតហេតុខាងលើ ក្រុមនេះបានជិះម៉ូតូតាមមហាវិថីឈ្នះឈ្នះ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាពឆក់ខោអាវនៅកន្លែងលក់តាមផ្លូវនោះទៀត ។បន្ទាប់មកជិះម៉ូតូគេចខ្លួនសំដៅទៅទិសខាងត្បូងឡើងផ្លូវជាតិលេខ៤ ប៉ុន្តែត្រូវបានប្រជាការពារឃើញ ក៏ដេញតាមនិងស្រែកបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលកំពុងល្បាតតាមផ្លូវ។

ប្រភពមួយនេះបានរៀបរាប់ទៀតថា ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានសុំការសហការណ៍ពីកម្លាំងនគរបាលខណ្ឌកំបូល ។លុះពេលជនសង្ស័យគេចខ្លួនរហូតដល់ភូមិសាស្រ្តសង្កាត់កំបូល ខណ្ឌកំបូល ទើបឃាត់ខ្លួនបានទាំង៤នាក់ បន្ទាប់មកបាននាំទៅកាន់សាកសួរប៉ុស្តិ៍សំរោងក្រោមដើម្បីចាត់ការតាមច្បាប់៕

 

មតិយោបល់